បរទេស៖ សេចក្តីថ្លែងការណ៍របស់ មន្ទីរប៉ង់តាហ្គោនធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង ២ គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុននៅព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍ ដែលបង្កការព្រួយបារម្ភនៅប្រទេស កូរ៉េខាងត្បូងនិងជប៉ុន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Mike Kafka អ្នកនាំពាក្យបញ្ជាការកងទ័ពអាមេរិកឥណ្ឌូ – ប៉ាស៊ីហ្វិក នៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងដឹងអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅព្រឹកនេះចូលសមុទ្រខាងកើត [សមុទ្រជប៉ុន] យើងនឹងបន្តឃ្លាំមើលស្ថានការណ៍និងកំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើង។ សកម្មភាពនេះបង្ហាញពីការគំរាមកំហែងដែលកម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង បង្កឡើងទៅកាន់ប្រទេសជិតខាងនិងសហគមន៍អន្តរជាតិ »។ លោកក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធានាសន្តិសុខរបស់កូរ៉េខាងត្បូងនិងជប៉ុនផងដែរ។
យោងតាមរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គឺយ៉ាងហោចណាស់មីស៊ីលផ្លោងចំនួន ២ គ្រាប់ ត្រូវបានបាញ់ដោយយោធាកូរ៉េខាងជើង ហើយទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមិនទាន់ច្បាស់ថាតើវាមានចម្ងាយខ្លីមធ្យម ឬ រយៈចម្ងាយឆ្ងាយឡើយ៕ប្រែសម្រួលៈ ណៃ តុលា