ប៉េកាំង៖ ការធ្វើទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី និងព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman bin Abdulaziz Al Saud លោបានយល់ព្រមជំទាស់រាល់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត និងការពារផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្នុងជំនួបនោះលោក វ៉ាង យី ដែលជាសមាជិកក្រុមប្រឹក្សារដ្ឋចិនផងដែរ បានថ្លែងអំណរគុណយ៉ាងកក់ក្តៅ ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់ព្រះរាជាអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់។
លោកបានលើកឡើងថា ការជំរុញទំនាក់ទំនងរបស់ខ្លួនជាមួយអារ៉ាប៊ីសាអូឌីត ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ចិន នៅមជ្ឈឹមបូព៌ា គឺជាអាទិភាព សម្រាប់គោលនយោបាយមជ្ឈិមបូព៌ារបស់ចិន។
អ្នកការទូតចិនរូបនេះ បានឲ្យដឹងថា ប្រទេសចិនគាំទ្រអារ៉ាប៊ីសាអ៊ូឌីត ក្នុងការការពារអធិបតេយ្យភាពសេចក្តីថ្លៃថ្នូរជាតិ សន្តិសុខ និងស្ថេរភាពរបស់ខ្លួន ហើយប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតក្រោមលេសណាមួយ។
លោកវ៉ាង យី បានអះអាងថា ប្រទេសចិនបានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីត ក្នុងការរុករកនិងស្វែងរកមាគ៌ានៃការអភិវឌ្ឍន៍ ដែលសមនឹងលក្ខខណ្ឌផ្ទាល់របស់ខ្លួន។
លោកបានបន្ថែមទៀតថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសមាហរណកម្មយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ឱ្យបានប្រសើរ ដើម្បីជួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឱ្យសម្រេចបាននូវគោលដៅនៃចក្ខុវិស័យឆ្នាំ២០៣០ ។
លោកក៏បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងរបស់ប្រទេសចិន ចំពោះអារ៉ាប៊ីសាអ៊ូឌីត ចំពោះការដើរតួនាទីកាន់តែធំនៅក្នុងតំបន់នេះ ខណៈដែលសន្យាថា នឹងធ្វើការរួមគ្នាជាមួយភាគីអារ៉ាប៊ីសាអ៊ូឌីត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅមជ្ឈឹមបូព៌ា៕ដោយ ឈូក បូរ៉ា