បរទេស៖ ទីក្រុងឡុង កំពុងដើរតាមពីក្រោយ រដ្ឋាភិបាលវ៉ាស៊ីនតោន និង ទីក្រុងព្រុចសែល ដែលបានដាក់ចេញ នូវការរឹតត្បិតប្រឆាំង នឹងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បន្ទាប់ពីយោធាប្រទេសនេះ បានកាន់កាប់អំណាចដោយរដ្ឋប្រហារ នៅក្នុងប្រទេសអាស៊ីមួយនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មដោយនិយាយថា វាកំពុងផ្តោតលើផលប្រយោជន៍អាជីវកម្ម របស់យោធាមីយ៉ាន់ម៉ា។
រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា « ទណ្ឌកម្មថ្ងៃនេះ ផ្តោតលើផលប្រយោជន៍ហិរញ្ញវត្ថុរបស់យោធា ដើម្បីជួយរាំងខ្ទប់ប្រភពហិរញ្ញវត្ថុ សម្រាប់យុទ្ធនាការបង្ក្រាបរបស់ពួកគេ ប្រឆាំងនឹងជនស៊ីវិល» ។
ក្នុងពេលជាមួយគ្នានេះ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសតាមរយៈគេហទំព័ររបស់ខ្លួនថា ខ្លួនបានដាក់ចេញនូវការដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុនមីយ៉ាម៉ាម៉ា Economic Holdings Public Company Ltd (MEHL) និង ក្រុមហ៊ុនសាជីវកម្មសេដ្ឋកិច្ច Myanmar Economic Corporation Ltd (MEC) ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា