អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជួបជាមួយក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី ដោយសន្យាថានឹងបង្កើតទំនាក់ទំនង ជិតស្និទ្ធជាមួយចិន និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ដោយអបអរសាទរគណបក្សកុម្មុយនីស្តចិន (CPC) ក្នុងខួប ១០០ ឆ្នាំនៃការបង្កើតរបស់ខ្លួនលោក Erdogan បានលើកឡើងថា គណបក្សយុត្តិធម៌ និងការអភិវឌ្ឍ ដែលជាគណបក្សកាន់អំណាចរបស់ប្រទេសតួកគី ទន្ទឹងរង់ចាំដើម្បីបង្កើនការ ប្រាស្រ័យទាក់ទងរបស់ខ្លួន ជាមួយ CPC និងរួមចំណែកដល់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមគណបក្សនយោបាយនានា នៅជុំវិញពិភពលោក។
មេដឹកនាំតួកគី បានសង្កត់ធ្ងន់ថា ប្រទេសតួកគីយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍទំនាក់ទំនង របស់ខ្លួនជាមួយចិន ដោយសង្កត់ធ្ងន់ថា ប្រទេសរបស់លោកប្រឆាំងយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងអំពើភេរវកម្មណាមួយ ហើយសង្ឃឹមថា នឹងបង្កើតទំនាក់ទំនងកាន់តែ ជិតស្និទ្ធជាមួយប្រទេសចិន។
លោកប្រធានាធិបតីបានលើកឡើងថា ដោយទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលត្រូវបានអភិវឌ្ឍនៅប្រទេសចិន លោកបានបង្ហាញដល់ប្រជាជនតួកគី ក៏ដូចជាពិភពលោកទាំងមូលអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងចិន ដោយស្វែងរកសក្តានុពលនៃ ការធ្វើកិច្ចសហប្រតិបត្តិការបែបនេះ ជាមួយភាគីទី៣។
តួកគីទន្ទឹងរង់ចាំការបង្កើន ការផ្លាស់ប្តូរកម្រិតខ្ពស់រវាងតួកគី-ចិន ជំរុញការជឿទុកចិត្តគ្នាជំរុញ ការបង្រួបបង្រួមរវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវសូត្ររបស់ចិន និងផែនការ “ច្រករបៀងកណ្តាល” របស់ប្រទេសតួកគី បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យរួមមានការតភ្ជាប់ និងអន្តរទំនាក់ទំនងការ កសាងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ ៕
ដោយ ឈូក បូរ៉ា