វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្កោលទោសការបាញ់មីស៊ីល បាលីស្ទិករបស់កូរ៉េខាងជើង ថាជាសកម្មភាពអស្ថិរភាព ដែលរំលោភសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិជាច្រើន។
អ្នកនាំពាក្យក្រសួង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ថា “សហរដ្ឋអាមេរិកថ្កោលទោស ការបាញ់មីស៊ីលបាលីស្ទិក បង្កអស្ថិរភាពរបស់កូរ៉េខាងជើង ការធ្វើតេស្ដនេះ រំលោភសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិជាច្រើន និងគំរាមកំហែងដល់តំបន់ និងសហគមន៍អន្តរជាតិ។
មន្រ្តីរូបនោះបានបន្ថែមទៀតថា “ការប្តេជ្ញាចិត្តរបស់យើង ចំពោះការការពារសាធារណរដ្ឋកូរ៉េ និងជប៉ុន នៅតែជារបាំងដែក។ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ខុសច្បាប់ គឺជាការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ” ។
ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រខាងកើត កាលពីថ្ងៃព្រហស្បតិ៍ ហើយនៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានអះអាងថា ខ្លួនបានបាញ់បង្ហោះដោយ ជោគជ័យនូវមីស៊ីលបាលីស្ទីក ដែលទើបបង្កើតថ្មី។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានថា ប្រទេសរបស់លោក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងឆ្លើយតបប្រសិនបើកូរ៉េខាងជើង បន្តបង្កើនភាពតានតឹង។
លោកបានឲ្យដឹងនៅក្នុង សន្និសីទកាសែតមួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា “យើងកំពុងពិគ្រោះយោបល់ ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងហើយនឹងមាន ការឆ្លើយតបប្រសិនបើពួកគេជ្រើសរើស ដើម្បីបង្កើនភាពតានតឹង យើងនឹងឆ្លើយតបតាមនោះ” ៕
ដោយ ឈូក បូរ៉ា