បរទេស៖ កងកម្លាំងពួកឧទ្ទាម ហូធី នៅថ្ងៃសុក្រនេះ បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ ទៅលើទីតាំងនានា នៅអារ៉ាប៊ីសាអូឌីត ដែលជារបស់ក្រុមហ៊ុនប្រេង កម្មសិទ្ធិរដ្ឋ Saudi Aramco និងទីតាំងយោធា។
ក្រុមដែលមានសម្ពន្ធភាព ជាមួយអ៊ីរ៉ង់នេះ បាននិយាយថា ពួកគេបានធ្វើការវាយប្រហារ ទៅលើមូលដ្ឋាន យោធា King Abdelaziz នៅទីក្រុង Dammam និងទីតាំងយោធានៅទីក្រុង Najran និងទីក្រុង Asir។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមឧទ្ទាមនៅក្នុងប្រទេសយេម៉ែននេះ ក៏បាននិយាយផងដែរថា ពួកគេបានផ្តោតគោលដៅ លើទីតាំងនានា របស់ក្រុមហ៊ុន Aramco នៅកំពង់ផែ Ras al-Tanura ទីក្រុង Rabigh កំពង់ផែយ៉ានប៊ូ និងទីក្រុងកំពង់ផែយ៉ាហ្សាន។
គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត កំពុងប្រយុទ្ធនឹងពួកហូធី នៅយេម៉ែន បាននិយាយថា ខ្លួនបានបាញ់ស្ទាក់និងកម្ទេចចោល កូនដ្រូនបំពាក់គ្រាប់បែក ជាច្រើនគ្រឿង ដែលមានគោលដៅ វាយប្រហារ លើប្រទេសអារ៉ាប៊ីសាអូឌីត៕
ប្រែសម្រួល៖ប៉ាង កុង
