បរទេស៖ ឥណ្ឌាដែលបានស្នើទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី បានក្លាយជាបញ្ហាដ៏គួរឱ្យខ្លាចមួយនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលទីក្រុងញូវដែលី ជាមួយក្រុងវ៉ាស៊ីនតោន ដោយរដ្ឋបាលអាមេរិក ជាបន្តបន្ទាប់នេះបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសឥណ្ឌា ប្រសិនបើប្រទេសនេះឈានដល់កិច្ចព្រមព្រៀងទិញលក់នេះ។ ទោះបីមានសម្ពាធអាមេរិកាំងជាប់លាប់យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងញូវដេលីនៅតែប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះដដែល។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Subramanian Swamy សមាជិកសភាជាន់ខ្ពស់មកពីគណបក្ស Bharatiya Janata (BJP) របស់ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍បានព្រមានថា សហរដ្ឋអាមេរិកនឹងបណ្តេញទីក្រុង ញូវដេលី ចេញពីសម្ព័ន្ធមិត្ត “Quad (ឥណ្ឌូ-ប៉ាស៊ីហ្វិក)” ដែលរួមមានអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ប្រសិនបើនាយករដ្ឋមន្រ្តី រដ្ឋាភិបាល លោក ណារិនដ្រា ម៉ូឌី បន្តដំណើរទៅមុខជាមួយនឹងការស្នើសុំទិញប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី។
ការព្រមានរបស់សមាជិកសភាជើងចាស់ឥណ្ឌារូបនេះ បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងថា ឥណ្ឌាអាចប្រឈមនឹងការដាក់ទណ្ឌកម្មលើសំណើទិញប្រព័ន្ធការពារដែនអាកាសរុស្ស៊ីដែលទំនើបបំផុត៕
ប្រែសម្រួលៈ ណៃ តុលា

