ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា អាចនឹងបង្កើន ការបង្ក្រាបបាតុកម្ម នៅថ្ងៃនេះ ខណៈចំនួនអ្នកស្លាប់ កើនឡើងជាង ៣២០នាក់

រ៉ង់ហ្គូន៖ ក្រុមសិទ្ធិមនុស្សដែលឃ្លាំមើលស្ថានការណ៍បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបលើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ា បានកើនឡើងដល់ជាង ៣២០ នាក់ហើយ នៅយប់ថ្ងៃព្រហស្បតិ៍នេះ។

 មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដែលថាយោធាអាចនឹងបង្កើនការបង្ក្រាបរបស់ខ្លួនជាមួយនឹងក្បួនព្យុហយាត្រាយោធាមួយ ដែលបានគ្រោងទុកសម្រាប់ទិវាកងកម្លាំងប្រដាប់អាវុធនៅថ្ងៃសៅរ៍នេះ ដែលត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត សម្រាប់យោធា។

 ជាមួយគ្នានេះដែរយោធាបានដោះលែងអ្នកជាប់ឃុំកាលពីថ្ងៃសុក្រ លើមនុស្សជាង ៣០០ នាក់ ដែលត្រូវបានចាប់ខ្លួនដោយកម្លាំងសន្តិសុខរួមទាំងក្រុមអ្នកតវ៉ាផងដែរ។  គេមិនទាន់ដឹងច្បាស់អំពីមូលហេតុអ្វី ដែលពួកគេត្រូវបានដោះលែងនោះទេ ប៉ុន្តែអ្នកខ្លះបានប៉ាន់ស្មានថាការផ្លាស់ប្តូរនេះអាចមានគោលបំណង ដើម្បីទាក់ទាញសាធារណជនមុនពេលក្បួនដង្ហែរយោធា។

 ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយបានឲ្យដឹងថា កុមារជាង ២០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃទី០១ ខែកុម្ភៈ រួមទាំងក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់នៅផ្ទះរបស់នាង កាលពីថ្ងៃអង្គារ ក្នុងទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទី ២ របស់ប្រទេសនេះ ហើយនាងបានក្លាយជាជនរងគ្រោះវ័យក្មេងបំផុតនៃការបង្ក្រាប។

គួរបញ្ជាក់ទៀតថា អ្នកទោសជាង ៣០០ នាក់បានចាកចេញពីពន្ធនាគារមួយ នៅជាយក្រុងនៃទីក្រុងរ៉ង់ហ្គូនរបស់ប្រទេសនេះ នៅក្នុងឡានក្រុងចំនួន ៦ កាលពីថ្ងៃសុក្រ ដែលជាការដោះលែងទ្រង់ទ្រាយធំបានកើតឡើងពីរថ្ងៃ បន្ទាប់ពីយោធាបានដោះលែងអ្នកជាប់ឃុំប្រមាណ ៦៣០ នាក់៕

ដោយ ឈូក បូរ៉ា

To Top