រ៉ង់ហ្គូន, បាងកក៖ កាលពីថ្ងៃទី ១ ខែកុម្ភៈយោធាមីយ៉ាន់ម៉ាបានឃុំខ្លួនទីប្រឹក្សារដ្ឋ គឺលោកស្រីអ៊ុងសានស៊ូជី និងប្រធានាធិបតី លោក Win Myint នៅក្នុងរដ្ឋប្រហារលើកដំបូងរបស់ប្រទេសនេះចាប់តាំងពីឆ្នាំ ១៩៨៨ ដែលនាំមកនូវការបញ្ចប់ការគ្រប់គ្រងដោយស៊ីវិល រយៈពេលមួយទសវត្សមកនេះ។
យោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដឹកនាំដោយលោកស្រីស៊ូជី បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ប៉ុន្តែយោធាបានអះអាងថា ការបោះឆ្នោតនេះត្រូវបានបំផ្លាញដោយការក្លែងបន្លំ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Nikkei បានដឹងថា ប្រទេសចំនួន ៨ គឺមាន ប្រទេស រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស វៀតណាម ឡាវ និងថៃ បានបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួមព្យុហយាត្រាយោធា នៃទិវាប្រដាប់អាវុធនៅទីក្រុងណៃពិដោ។ អ្នកតំណាងទាំងនោះ គឺជាតំណាងយោធា។ ប្រទេសរុស្ស៊ីក៏បានបញ្ជូនអនុរដ្ឋមន្រ្តីការពារជាតិរបស់ខ្លួនផងដែរ។
របបយោធាបានធ្វើព្យុហយាត្រាយោធាមួយនៅក្នុងទីក្រុងណៃពិដោ ដើម្បីអបអរទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំ។ នាយឧត្តមសេនីយ Min Aung Hlaing បានថ្លែងសុន្ទរកថានិងបញ្ជាក់ជាថ្មីនូវការសន្យារៀបចំការបោះឆ្នោតដោយមិននិយាយពីកាលវិភាគ។ លោកក៏បានស្វាគមន៍ចំពោះវត្តមានរបស់ភាគីរុស្ស៊ីនៅក្នុងពិធីនោះ និងបាននិយាយថា“ រុស្ស៊ីគឺជាមិត្តពិត” ។
សូមជម្រាបថា នៅថ្ងៃសៅរ៍ បើតាមសារព័ត៌មាន Myanmar Now បានផ្សាយថា យ៉ាងហោចណាស់មនុស្ស ៥០ នាក់ត្រូវបានសម្លាប់នៅពេលដែលកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតាមតំបន់ផ្សេងៗនៃប្រទេសមីយ៉ាន់ម៉ា៕
ប្រែសម្រួលៈ ណៃ តុលា

