បរទេស៖ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Alexander Fomin បាននិយាយកាលពីថ្ងៃសុក្រនៅឯកិច្ចប្រជុំមួយជាមួយមេបញ្ជាការ Min Min Hlaing ថា ប្រទេសរុស្ស៊ីនិងប្រទេសមីយ៉ាន់ម៉ា កំពុងពង្រឹងទំនាក់ទំនងការពារជាតិឱ្យកាន់តែខ្លាំង នៅពេលដែលការផ្គត់ផ្គង់យោធារបស់ទីក្រុងមូស្គូ នឹងនៅតែបន្តមាននៅក្នុងប្រទេសនេះ។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Fomin បានកត់សម្គាល់ថាជាដំណើរទស្សនកិច្ចជាន់ខ្ពស់មួយជាលើកដំបូងរបស់រុស្ស៊ី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយមន្រ្តីការបរទេស ចាប់តាំងពីប្រទេសនេះត្រូវបានរញ្ជួយដោយរដ្ឋប្រហារយោធា ដែលបានទម្លាក់មេដឹកនាំដែលបានជាប់ឆ្នោតរបស់ខ្លួនកាលពីខែកុម្ភៈ។
លោក Fomin បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា “សហព័ន្ធរុស្ស៊ីប្រកាន់ខ្ជាប់នូវបន្ទាត់យុទ្ធសាស្ត្រដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ” ។
អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះបានបន្ថែមថា ប្រទេសរុស្ស៊ីចាត់ទុកប្រទេសមីយ៉ាន់ម៉ាជាសម្ព័ន្ធមិត្តនិងយុទ្ធសាស្ត្រដែលអាចជឿទុកចិត្តបាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលធំជាងនេះ។
សូមជម្រាបថា នៅអែបនឹងប្រទេសចិន, រុស្ស៊ីបានការពារមីយ៉ាន់ម៉ាពីការរិះគន់ម្តងហើយម្តងទៀតនៅឯអង្គការសហប្រជាជាតិជុំវិញការបង្ក្រាបរបស់ខ្លួនទៅលើប្រជាជនរ៉ូហ៊ីងយ៉ា ដែលកាន់សាសនាឥស្លាម។ ប្រទេសរុស្ស៊ីក៏បានបន្តគាំទ្រដល់ថ្នាក់ដឹកនាំយោធារបស់មីយ៉ាន់ម៉ាដោយបានហៅរដ្ឋប្រហារនេះថាជា“ កិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ” ៕
ប្រែសម្រួលៈ ណៃ តុលា