បរទេស៖ ធនាគារពិភពលោកបានព្យាករណ៍ថា ប្រទេសវៀតណាមនឹងស្ថិតក្នុង ចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិក ជាមួយនឹងការព្យាករថា នឹងមានកំណើន ៦,៦ ភាគរយនៅឆ្នាំ ២០២១ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍នេះបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាព សេដ្ឋកិច្ចចុងក្រោយរបស់ខ្លួននៅអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ហៅថា Uneven Recovery ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រថា កំណើននេះនឹងផ្អែកលើលទ្ធផល នៃការនាំចេញដ៏ខ្លាំងក្លា និងការងើបឡើងវិញ នៃវិស័យផលិតកម្មនិងសេវាកម្ម។
របាយការណ៍បានឱ្យដឹងទៀតថា ប្រទេសវៀតណាមនិងប្រទេសចិន គឺជាប្រទេសដែលមិនសូវរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ ដោយបានដាក់ចេញនូវវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើង ៨,១ ភាគរយនៅឆ្នាំនេះ ខណៈប្រទេសតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកខ្លះទៀត ត្រូវបានរំពឹងថានឹងកើនឡើងត្រឹម ៤,៤ ភាគរយប៉ុណ្ណោះ។
របាយការណ៍ក៏បានបញ្ជាក់ផងដែរថា បណ្តាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចេញនិងទេសចរណ៍ នឹងជួបប្រទះការពន្យាពេលនៃការងើបឡើងវិញនៃសេដ្ឋកិច្ច។
ក្រៅពីធនាគារពិភពលោក គឺមានអង្គការជាច្រើនទៀតបានបង្ហាញទស្សនៈសុទិដ្ឋិនិយមអំពីកំណើនរបស់វៀតណាមនៅឆ្នាំ ២០២១។ ធនាគារ Standard Chartered Bank បានព្យាករណ៍ថា ប្រទេសវៀតណាមនឹងកើនឡើង ៧,៨ ភាគរយនៅឆ្នាំនេះ ដោយការផលិតបានជំរុញឱ្យមានការរីកលូតលាស់ឡើងវិញ។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ពីកំណើន ៦,១ ភាគរយ, IMF, ៦,៥ ភាគរយ, និងធនាគារ HSBC ៧,៦ ភាគរយ៕
ប្រែសម្រួលៈ ណៃ តុលា