បរទេស៖ ប្រទេសអ៊ីរ៉ង់និងប្រទេសចិន នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហការលើសេដ្ឋកិច្ចរយៈពេល២៥ឆ្នាំ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានចូលរួមក្នុងពិធីប្រកាសកិច្ចព្រមព្រៀង ដែលមានឈ្មោះ ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ផ្សាយផ្ទាល់លើទូរទស្សន៍រដ្ឋ។
ទីភ្នាក់ងារសារព័ត៌មាន Politico បានរាយការណ៍ថា កិច្ចព្រមព្រៀងជំនួញរយៈពេល២៥ឆ្នាំនេះ គឺត្រូវបានធ្វើឡើង នៅថ្ងៃគម្រប់ខួបលើកទី៥០ នៃការបង្កើតចំណងមិត្តភាពការទូត រវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា នេះជាលើកទីមួយ ដែលប្រទេសអ៊ីរ៉ង់ចុះហត្ថលេខាកិច្ចព្រមព្រៀងរយៈពេលវែង ជាមួយមហាអំណាចមួយដទៃទៀត ស្របពេលដែលកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំ ដែលបានធ្វើឡើងជាមួយរុស្ស៊ី បានបន្តរយៈ៥ឆ្នាំចំនួនពីរដង ធ្វើឲ្យវាមានរយៈសរុបចំនួន២០ឆ្នាំ៕
ប្រែសម្រួល៖ប៉ាង កុង