បរទេស៖ ប្រទេសឥណ្ឌាតាមសេចក្តីរាយការណ៍ បានផ្តល់ថ្នាំវ៉ាក់សាំងការពារមេរោគកូរ៉ូណា AstraZeneca ឲ្យដល់ប្រទេសបង់ក្លាដែស នៅថ្ងៃសៅរ៍ម្សិលមិញនេះ ស្របពែលដែលទីក្រុងដាកា ជំរុញទីក្រុងញូដេលី ឲ្យរក្សាការផ្គត់ផ្គង់ថ្នាំតាមប្រក្រតី ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជម្ងឺ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េដ្រា ម៉ូឌី បានធ្វើការផ្តល់នេះនៅចុងដំណើរទស្សនកិច្ច២ថ្ងៃនៅបង់ក្លាដែស ដើម្បីអបអរគម្រប់ខួបឯករាជ្យលើកទី៥០ ហើយដំណើរទស្សនកិច្ចនេះ ក៏ជាដំណើរទស្សនកិច្ចដំបូងរបស់លោក ម៉ូឌី ចាប់តាំងពីការផ្ទុះឆ្លងជម្ងឺកូវីដ១៩មក។
ប្រទេសបង់ក្លាដែស បានចុះហត្ថលេខាមួយនៅក្នុងខែវិច្ឆិកា ជាមួយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំងដ៏ធំបំផុតលើពិភពលោក សម្រាប់ថ្នាំវ៉ាក់សាំង AstraZeneca ចំនួន៣០លានដូស។
គួរបញ្ជាក់ថា ប្រទេសមានប្រជាជនជាង១៦០នាក់នេះ ធ្លាប់បានទទួលថ្នាំវ៉ាក់សាំង៩លានដូសរួចមកហើយ ពីវិទ្យាស្ថាន Serum ហើយប្រទេសឥណ្ឌា ពីមុនក៏ធ្លាប់ផ្តល់ឲ្យឥតគិតថ្លៃនូវថ្នាំវ៉ាក់សាំងចំនួន២លានដូស ដែលក្រុមហ៊ុន Serum កំពុងតែផលិតសម្រាប់ប្រទេសជាច្រើន៕
ប្រែសម្រួល៖ប៉ាង កុង