ព័ត៌មានអន្តរជាតិ

កងទ័ពមីយ៉ានម៉ា បើកការវាយប្រហារ តាមអាកាសនៅរដ្ឋ ការ៉ែន

បរទេស៖ យន្តហោះចម្បាំងកងទ័ពមីយ៉ានម៉ា នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបើកការវាយប្រហារតាមអាកាស ទៅលើភូមិមួយនៅជិតព្រំដែនថៃ ស្ថិតក្នុងទឹកដីគ្រប់គ្រងដោយក្រុមជនជាតិភាគតិចប្រដាប់អាវុធ ស្របពេលមានការភ័យខ្លាចកើតសង្គ្រាមស៊ីវិលឡើង ក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។ 

ក្រុមជនជាតិភាគតិចប្រដាប់អាវុធ សហភាពជាតិការ៉ែន ហៅកាត់ថា KNU ដែលគ្រប់គ្រងតំបន់ភាគអាគ្នេយ៍ បាននិយាយថា យន្តហោះចម្បាំង បានធ្វើការវាយប្រហារទៅលើភូមិ Day Pu No នៅក្នុងស្រុក Papun ជាតំបន់មួយដែលកងកម្លាំងពលតូចលេខ៥របស់ខ្លួនគ្រប់គ្រង នៅម៉ោងប្រមាណ៨យប់ បង្ខំឲ្យអ្នកភូមិត្រូវភៀសខ្លួនចេញ។ 

អ្នកនាំពាក្យឲ្យបណ្ដាញគាំទ្រសន្តិភាពការ៉ែនរបស់ក្រុមសង្គមស៊ីវិលមួយរូប បាននិយាយដូច្នេះថា “ពួកគេបានទម្លាក់គ្រាប់បែកលើតំបន់ ហើយអ្នកភូមិពីតំបន់នោះនិយាយថា មានមនុស្សពីរនាក់ស្លាប់និងពីរនាក់រងរបួស”។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសដែលគេរាយការណ៍នេះ គឺជាការវាយប្រហារដ៏ខ្លាំងក្លាបំផុត សម្រាប់រយៈពេលជាច្រើនឆ្នាំកន្លងមក នៅក្នុងតំបន់។ ក្រុមជនជាតិភាគតិច បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយ នៅក្នុងឆ្នាំ២០១៥ ប៉ុន្តែភាពតានតឹងបានកើនឡើង ក្រោយយោធាផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top