បរទេស ៖សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានថ្កោលទោសទណ្ឌកម្មរបស់ចិន ដែលដាក់លើមន្ត្រីសិទ្ធិសាសនាអាមេរិកពីររូប និងសមាជិកសភាកាណាដាមួយរូប ក្នុងជម្លោះ ជុំវិញទង្វើរបស់ទីក្រុងប៉េកាំង លើពួកមូស្លីម Uighur និងជនជាតិភាគតិចផ្សេងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken បាននិយាយថា ទង្វើរបស់ចិន ត្រូវតែធ្វើឲ្យមានការត្រួតពិនិត្យជាអន្តរជាតិខ្លាំងឡើង ចំពោះអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មកំពុងមាន លើមនុស្សជាតិនៅខេត្តស៊ីនជាំង យើងសាមគ្គីគ្នាយ៉ាងរឹងមាំជាមួយកាណាដា អង់គ្លេស សហភាពអឺរ៉ុប ព្រមទំាងដៃគូនិងសម្ពន្ធមិត្តផ្សេងទៀត នៅជុំវិញពិភពលោក ក្នុងការស្នើឲ្យចិនបញ្ចប់ការរំលោភបំពានសិទ្ធិមនុស្ស”។
គួរបញ្ជាក់ថា ទណ្ឌកម្មរបស់ទីក្រុងប៉េកាំងនេះ គឺត្រូវបានធ្វើឡើងក្រោយមានទណ្ឌកម្មដាក់ដោយសហរដ្ឋអាមរិក សហភាពអឺរ៉ុប អង់គ្លេស និងប្រទេសកាណាដា កាលពីដើមសប្ដាហ៍នេះ សម្រាប់អ្វីដែលពួកគេនិយាយថា ជាការរំលោភបំពានសិទ្ធិរបស់ពួកមូស្លីម Uighur និងជនជាតិភាគតិចផ្សេងទៀត នៅក្នុងតំបន់ស៊ីនជាំង ប្រទេសចិន។
សកម្មជននិងអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយថា ពួកមូស្លីមតិចណាស់១លាននាក់ ត្រូវបានឃុំខ្លួននៅជំរុំនានាក្នុងតំបន់ស៊ីនជាំង ហើយសកម្មជននិងអ្នកនយោបាយលោកខាងលិចខ្លះ ចោទប្រកាន់ចិនពីបទប្រើប្រាស់ទារុណកម្ម បង្ខំឲ្យធ្វើការងារនិងក្រៀវ៕
ប្រែសម្រួល៖ប៉ាង កុង