ព័ត៌មានអន្តរជាតិ

ហ្វីលីពីនបញ្ជូន យន្តហោះចម្បាំង ហោះពីលើនាវាចិន នៅដែនសមុទ្រចិន ខាងត្បូង

បរទេស៖ យោធាហ្វីលីពីន បានបញ្ជូនយន្តហោះចម្បាំងធុនស្រាល ឲ្យហោះពីលើនាវារាប់រយគ្រឿងរបស់ចិន នៅក្នុងដែនទឹកមានជម្លោះ ស្ថិតនៅដែនសមុទ្រចិនខាងត្បូង នេះបើតាមសម្តីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ស្របពេលលោកលើកឡើងពីការទាមទារឲ្យដកនាវាទាំងនោះចេញភ្លាម។ 

ក្តីព្រួយបារម្ភជាអន្តរជាតិ កំពុងតែមានការកើនឡើង ជុំវិញអ្វីដែលហ្វីលីពីនពិពណ៌នាថា ជាវត្តមានមានលក្ខណៈជាក្រុមនិងគួរឲ្យខ្លាចរបស់នាវាចិនជាង២០០គ្រឿង ដែលទីក្រុងម៉ានីលជឿជាក់ថា ប្រើប្រាស់ដោយកងជីវពលដែនសមុទ្រ។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន rthk.hk នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា នាវាទាំងនោះ បានចូលចតនៅតំបន់ថ្មប៉ប្រះទឹក Whitsun  ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស២០០ម៉ាយរបស់ទីក្រុងម៉ានីល។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានមានប្រសាសន៍ថា យន្តហោះយោធាហ្វីលីពីន ត្រូវបានបញ្ជូនទៅជារៀងរាល់ថ្ងៃ ដើម្បីឃ្លាំមើលស្ថានភាព៕

ប្រែសម្រួល៖ប៉ាង កុង 

To Top