បរទេស៖ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃចន្ទថា រដ្ឋាភិបាលកំពុងត្រៀមសម្រាប់ការសម្រុកចូលយ៉ាងច្រើន ដែលអាចកើតមាននៃជនភៀសខ្លួន មកពីប្រទេសជិតខាងមីយ៉ាន់ម៉ា។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលដែលត្រូវបានគេសួរអំពីអំពើហឹង្សានៅចុងសប្តាហ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះ លោកឧត្តមសេនីយ៍ប្រាយុទ្ធបានប្រាប់អ្នកសារព័ត៌មានថា “ យើងមិនចង់អោយមានប្រជាជនភៀសខ្លួនចូលទឹកដីរបស់យើងទេ ប៉ុន្តែយើងក៏នឹងសង្កេតមើលសិទ្ធិមនុស្សផងដែរ” ។
លោកបន្តថា “យើងរំពឹងថានឹងមានជនភៀសខ្លួនប៉ុន្មាននាក់នោះទេ? យើងបានរៀបចំតំបន់មួយ ប៉ុន្តែតើមានប៉ុន្មាននាក់ – យើងមិនបាននិយាយអំពីបញ្ហានេះទេ”។
នៅពេលសួរអំពីការចូលរួមរបស់តំណាងយោធាថៃនៅឯពិធីអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំរបស់មីយ៉ាន់ម៉ា ចំពេលមានការថ្កោលទោសជាអន្តរជាតិប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ាមកនោះ លោកឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា ប្រទេសថៃចាំបាច់ត្រូវរក្សាយន្តការយោធារបស់ខ្លួនជាមួយមីយ៉ាន់ម៉ា ដើម្បីរក្សានូវការវិវឌ្ឍន៍នយោបាយនិងកម្រិតនៃអំពើហិង្សាប្រទេសជិតខាង។
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថារដ្ឋាភិបាលថៃមិនគាំទ្រមីយ៉ាន់ម៉ាក្នុងការប្រើប្រាស់កម្លាំងប្រឆាំងប្រជាជនរបស់ខ្លួនឡើយ៕ប្រែសម្រួលៈ ណៃ តុលា