ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ជំរុញក្រិក ឲ្យស៊ើបអង្កេតរឿង ដេញអ្នក សុំសិទ្ធិជ្រកកោន

បរទេស ៖ មន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ របស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសក្រិក អាចធ្វើបន្ថែមទៀត ដើម្បីធ្វើការស៊ើបអង្កេត លើបទចោទប្រកាន់ ដែលថា ក្រិកកំពុងតែបណ្ដេញឲ្យអ្នកសុំសិទ្ធិជ្រកកោន រួមមានទាំងកុមារផងនោះ វិលត្រឡប់ ទៅប្រទេសតួកគីវិញ ។

ទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ ហៅកាត់ថា UNHCR បាននិយាយថា ខ្លួនទើបទទួលបានចំនួន សេចក្តីរាយការណ៍កើនឡើង ក្នុងពេលប៉ុន្មានខែថ្មីៗនេះ ដែលលើកឡើងថា អ្នកសុំសិទ្ធិជ្រកកោន ត្រូវបានជំរុញឲ្យវិលត្រឡប់ទៅតួកគី តាមផ្លូវសមុទ្រ ឬក៏ភ្លាមៗក្រោយដល់ទឹកដីក្រិក ឬក៏ទុកចោលឲ្យរសាត់នៅសមុទ្រ ។

នៅក្នុងអំឡុងធ្វើទស្សនកិច្ចកោះ Lesbos លោក Ylva Johansson ជាស្នងការកិច្ចការ ក្នុងស្រុករបស់សហភាពអឺរ៉ុប បានមានប្រសាសន៍ថា “ខ្ញុំមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីរបាយការណ៍របស់ UNHCR និងមានករណីជាក់លាក់ខ្លះ ដែលខ្ញុំពិតជាគិតថា ចាំបាច់ត្រូវតែពិនិត្យឲ្យកាន់តែកៀកឡើង”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្តទៀតយ៉ាងដូច្នេះថា “ខ្ញុំគិតថា អាជ្ញាធរប្រទេស ក្រិក អាចធ្វើបន្ថែមទៀត នៅពេលចាប់ផ្តើមធ្វើការ ស៊ើបអង្កេតលើការបណ្ដេញ ឲ្យទៅវិញដែលគេចោទ ប្រកាន់ទាំងនេះ” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top