ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ សហប្រជាជាតិកោះហៅ សមាជិក ឲ្យជួបប្រជុំគ្នាបន្ទាន់ នៅថ្ងៃពុធ ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា

ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងកាលពីរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ប្រភពចេញការទូតបានឲ្យដឹង កាលពីថ្ងៃច័ន្ទ (ចក្រភពអង់គ្លេស) ថា អង់គ្លេសបានអំពាវនាវ ឱ្យមានការប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាបន្ទាន់ស្តីពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដែលក្រុមបាតុករប្រឆាំង រដ្ឋប្រហារត្រូវបានសម្លាប់កាលពីចុងសប្តាហ៍ ។

ប្រភពដបានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១៥រូប នឹងចាប់ផ្តើមបើកកិច្ចប្រជុំដោយបិទទ្វារនៅថ្ងៃពុធជាមួយនឹងការធ្វើសេចក្តីរាយការណ៍ ដោយសង្ខេបស្តីពីស្ថានការណ៍ដោយប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី មីយ៉ាន់ម៉ា គឺលោក Christine Schraner Burgener ។

វាមិនទាន់ប្រាកដទេថា ក្រុមប្រឹក្សាសន្តិសុខនឹង អាចយល់ព្រម លើសេចក្តីប្រកាសថ្មីមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំនេះដែលជាអ្វីដែលតម្រូវឱ្យមាន ការឯកភាពគ្នា ក្នុងចំណោមសមាជិកដែល រួមមានរុស្ស៊ី និងចិន ។

កាលពីថ្ងៃទី១០ ខែមីនា ក្រុមប្រឹក្សាសន្តិសុខ ជាលើកដំបូង បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះ “ការប្រើប្រាស់អំពើហឹង្សាប្រឆាំងនឹងក្រុម អ្នកតវ៉ាដោយសន្តិវិធី” ដែលរួមមានទាំងស្ត្រី និងកុមារ ។

ការប្រកាសនេះត្រូវបានដឹកនាំដោយអតីតមហាអំណាចអាណានិគម អង់គ្លេស ប៉ុន្តែក្រុមប្រឹក្សាសន្តិសុខ នឹងមិនយល់ព្រមដើម្បីយោងទៅលើ “ រដ្ឋប្រហារ” ឬលទ្ធភាពនៃការដាក់ទណ្ឌកម្មអន្តរជាតិ ប្រសិនបើយោធាមីយ៉ាន់ម៉ា នៅតែបន្តវាយប្រហារទៅលើក្រុម បាតុករទៀតនោះ ។

បញ្ហានេះភាគច្រើនបណ្តាលមកពីការជំទាស់ពីចិន និងរុស្ស៊ី ប៉ុន្តែក៏មកពីសមាជិកក្រុមប្រឹក្សាអាស៊ីផ្សេងទៀតដូចជាឥណ្ឌា និងវៀតណាមដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top