ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុន-អាមេរិក គ្រោងបើកកិច្ចប្រជុំ កំពូលនៅថ្ងៃទី០៩ ខែមេសា

តូក្យូ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងរៀបចំសម្រាប់ នាយករដ្ឋមន្រ្តីលោក Yoshihide Suga និងប្រធានាធិបតីលោក ចូ បៃដិន ដើម្បីរៀបចំកិច្ចប្រជុំកំពូល របស់មេដឹកនាំទាំងពីរ នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី០៩ ខែមេសា។

វានឹងក្លាយជាការជួបផ្ទាល់លើកដំបូង របស់លោកបៃដិន ជាមួយមេដឹកនាំបរទេស ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមករា ដោយអ្នកទាំងពីរទំនងជានឹងពិភាក្សា អំពីបញ្ហាសិទ្ធិមនុស្ស នៅប្រទេសចិន និងវិធីដើម្បីទប់ទល់នឹងការអះអាងលើដែនសមុទ្ររបស់មហាអំណាចអាស៊ី ដែលកំពុងកើនឡើង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការរំសាយ អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។

ប្រភពដដែលបានឲ្យដឹងថា លោក Suga ត្រូវបានគេរំពឹងថា នឹងចាកចេញពីទីក្រុងតូក្យូ នៅថ្ងៃទី០៨ ខែមេសា ហើយត្រឡប់មកវិញនៅថ្ងៃទី ១១ ខែមេសា។ លោកនាយករដ្ឋមន្រ្តី បានចាក់វ៉ាក់សាំង ដូសដំបូងរបស់ក្រុមហ៊ុន Pfizer Inc ដើម្បីត្រៀមសម្រាប់ដំណើរទស្សនកិច្ចនេះ ហើយគ្រោងនឹងទទួល ការចាក់លើកទី២ នៅសប្តាហ៍ក្រោយ។

កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលរដ្ឋបាលលោក បៃដិន បង្កើនការរិះគន់លើការប្រព្រឹត្តរបស់ចិនចំពោះជនជាតិភាគតិចអ៊ុយហ្គ័រ នៅតំបន់ស៊ីនជាំង និងសកម្មភាពដែលទាក់ទង នឹងហុងកុង និងតៃវ៉ាន់ ហើយខណៈដែលសហរដ្ឋអាមេរិកព្យាយាមប្រមូលសម្ព័ន្ធមិត្តក្នុងកិច្ចប្រឹងប្រែង ដើម្បីគូសបញ្ជាក់ពីតំបន់ឥណ្ឌូ- សេរី និងបើកចំហ។

យោងតាមប្រភពរដ្ឋាភិបាលផ្សេងគ្នា បានឲ្យដឹងថា មេដឹកនាំទាំងពីត ត្រូវបានគេរំពឹងថា នឹងអះអាងពីកោះសេនកាគូ ដែលជាប្រភព នៃភាពតានតឹងរវាង ទីក្រុងតូក្យូ និងប៉េកាំង ស្ថិតនៅក្រោមវិសាលភាពនៃមាត្រា ៥ នៃសន្ធិសញ្ញាសន្តិសុខជប៉ុន – អាមេរិក។

កោះគ្មានមនុស្សរស់នៅដែលគ្រប់គ្រងដោយជប៉ុន នៅសមុទ្រចិនខាងកើតត្រូវបានទាមទារដោយចិន ដែលហៅថាកោះដាយយូ ហើយមាត្រា ៥ ចែងថា សហរដ្ឋអាមេរិក នឹងការពារទឹកដីក្រោមការគ្រប់គ្រង របស់ជប៉ុន ពីការវាយប្រហារដោយអាវុធ ណាមួយដែលអាចកើតឡើង៕
ដោយ ឈូក បូរ៉ា

To Top