បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានបញ្ជាឱ្យបុគ្គលិក មិនមែនបន្ទាន់និងក្រុមគ្រួសាររបស់ពួកគេ ចាកចេញពីប្រទេសមីយ៉ាន់ម៉ា ចំពេលមានភាពចលាចលនិងអំពើហឹង្សា នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមក្រសួងការបរទេសបាននិយាយនៅក្នុងកំណត់ត្រាប្រព័ន្ធផ្សព្វផ្សាយថា « នៅថ្ងៃទី ១៤ ខែកុម្ភៈក្រសួងបានអនុញ្ញាតឱ្យមានការចាកចេញដោយស្ម័គ្រចិត្តរបស់បុគ្គលិករដ្ឋាភិបាលអាមេរិកនិងសមាជិកគ្រួសាររបស់ពួកគេដែលមិនមានភាពអាសន្ន»។
កាលពីថ្ងៃច័ន្ទការិយាល័យ តំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានផ្អាករាល់ការទាក់ទងពាណិជ្ជកម្មជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធានិងអំពើហឹង្សាជាបន្តបន្ទាប់ប្រឆាំងនឹងជនស៊ីវិលនៅទីនោះ។
យោងតាមរបាយការណ៍ គឺបានឱ្យដឹងថា មនុស្សច្រើនជាង ៤២០ នាក់ត្រូវបានសម្លាប់ដោយសារការតវ៉ាប្រឆាំងនឹងយោធាដែលកាន់កាប់រដ្ឋាភិបាល៕ប្រែសម្រួលៈ ណៃ តុលា

