Covid-19

ក្រុមហ៊ុន Pfizer ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួនចំពោះក្មេងអាយុពី ១២ឆ្នាំ ទៅ ១៥ឆ្នាំ បង្ហាញពីប្រសិទ្ធភាព ១០០%

បរទេស៖ ក្រុមហ៊ុន Pfizer និយាយថាការសាកល្បង វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួនទៅលើកុមារដែលមានអាយុពី ១២ ឆ្នាំ ទៅ ១៥ ឆ្នាំបង្ហាញពីប្រសិទ្ធភាព ១០០% និងការឆ្លើយតបភាពស៊ាំខ្លាំង។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លទ្ធផលដំបូងនៃការសាកល្បង លើមនុស្សវ័យជំទង់ចំនួន ២ ២៦០នាក់ នៅសហរដ្ឋអាមេរិក ក៏បានបង្ហាញថា វ៉ាក់សាំងនេះមានសុវត្ថិភាព ដោយមិនមានផលប៉ះពាល់អ្វីប្លែកនោះទេ។

ក្រុមហ៊ុនផលិតឱសថនេះនិយាយថា ខ្លួននឹងបញ្ជូនទិន្នន័យរបស់ខ្លួនទៅអាជ្ញាធរអាមេរិក និងអឺរ៉ុប ដើម្បីប្រើប្រាស់ជាបន្ទាន់ទៅលើក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ។ បច្ចុប្បន្ននេះ មិនមានផែនការសម្រាប់កុមារ ដែលត្រូវចាក់វ៉ាក់សាំង នៅក្នុងចក្រភពអង់គ្លេសទេ។

ហានិភ័យរបស់កុមារ ក្នុងការធ្លាក់ខ្លួនឈឺខ្លាំង ឬរហូតដល់ស្លាប់ជាមួយនឹងវីរុសកូវីដ១៩ គឺនៅតិចតួច ហើយនៅទូទាំងរោគរាតត្បាត គឺពួកគេកម្រត្រូវការការព្យាបាល នៅមន្ទីរពេទ្យណាស់។ ចំណែកមនុស្សពេញវ័យ ជាពិសេសអ្នកដែលមានអាយុលើសពី ៥០ឆ្នាំ និងអ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ មានហានិភ័យខ្ពស់ ដែលជាមូលហេតុដែលពួកគេ ត្រូវបានចាក់វ៉ាក់សាំងជាអាទិភាព នៅក្នុងចក្រភពអង់គ្លេស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top