ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ ខុសច្បាប់ ចំនួន១៦៣នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីដែនទឹក នៃប្រទេសលីប៊ី

ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា យោធាជើងទឹក របស់ប្រទេសលីប៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសអំពីការជួយសង្គ្រោះ ជនអន្តោប្រវេសន៍ខុសច្បាប់ សរុបចំនួន១៦៣នាក់ ដែលជាជនជាតិខុសគ្នា មកពីបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក នៅឆ្នេរសមុទ្រខាងលិចនៃប្រទេស ។

យោធាជើងទឹកលីប៊ី បាននិយាយថា ក្រុមជនអន្តោប្រវេសន៍ ត្រូវបានជួយសង្គ្រោះ នៅក្នុងប្រតិបត្តិការចំនួន២ ដោយបានបន្ថែមថា ពួកគេបានប្រគល់ឲ្យនាយកដ្ឋានប្រឆាំង នឹងជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបាននាំមកកាន់មូលដ្ឋាន ទ័ពជើងទឹក នៅរដ្ឋធានីទ្រីប៉ូលី ។

អង្គការជនអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា (IOM) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យ៉ាងណា មិញ យ៉ាងហោចណាស់មាន ជនអន្តោប្រវេសន៍ចំនួន០៥នាក់ បានបាត់បង់ជីវិតនៅឯសមុទ្រ នៅពេលដែលទូក របស់ពួកគេបានលិច បន្ទាប់ពីចាកចេញពីលីប៊ី ។

លីប៊ី បានក្លាយជាចំណុចកណ្តាល នៃការធ្វើដំណើរ របស់ក្រុមជនអន្តោប្រវេសន៍ ដែលប៉ុនប៉ងឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេ ឆ្ពោះទៅកាន់តំបន់ដែនដីគោក នៅអឺរ៉ុប ដោយសារតែមានចលាចល និងអស្តិសុខ ចាប់តាំងពីបានដួលរលំរបបដឹកនាំ របស់លោក Muammar Gaddafi នៅក្នុងឆ្នាំ២០១១៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top