ព័ត៌មានអន្តរជាតិ

អាមេរិក និងហ្វីលីពីន ជួបពិភាក្សាគ្នាជុំវិញសកម្មភាព ​ដ៏គឃ្លើនរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នំា២០២១ថា សេតវិមានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិសម្រាប់សហរដ្ឋអាមេរិក និងហ្វីលីពីនបានជួបពិភាក្សា​ស្តីពី ការព្រួយបារម្ភរួមគ្នារបស់ពួកគេ ​ចំពោះសកម្មភាពរបស់ចិន នៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលបានអំពាវនាវកាលពីថ្ងៃពុធ ។

ហ្វីលីពីនបានពណ៌នាវត្តមានរបស់ទូកចិន រាប់រយគ្រឿងនៅខាង ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយ​២០០ម៉ាយ ស្មើនឹងប្រមាណ ​៣៧០គីឡូម៉ែត្រ នៅឯតំបន់ប្រជុំកោះ Whitsun Reef នៅដែនសមុទ្រចិនខាងត្បូង ថាជា “ការបំភាន់ និងគំរាមកំហែង” ។

ក្រុងម៉ានីល ជឿជាក់ថា នាវាទាំងនោះត្រូវបានគ្រប់គ្រង​ ដោយកងជីវពលសមុទ្រ ។ អ្នកការទូតចិន បាននិយាយថា ទូកទាំងនោះកំពុងជ្រកពីសមុទ្ររាយប៉ាយ ហើយមិនមានកងជីវពល​ណាមួយជិះនៅលើនោះទេ ។

ចំណែកខាងសេតវិមានវិញបានឲ្យដឹងថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន និងទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីនលោក Hermogenes Esperon បានឯកភាពថា សហរដ្ឋអាមេរិក និងហ្វីលីពីន នឹងបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ​ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា​នៅសមុទ្រចិនខាងត្បូង ។

សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងទៀតថា “លោក Sullivan បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក ឈរជាមួយសម្ព័ន្ធមិត្តហ្វីលីពីន ​របស់យើងក្នុងការរក្សាសណ្តាប់ធ្នាប់ ​ដែនសមុទ្រអន្តរជាតិផ្អែកលើច្បាប់ ហើយបានបញ្ជាក់ជាថ្មីនូវ​លទ្ធភាព នៃសន្ធិសញ្ញាការពារជាតិ​រវាងសហរដ្ឋអាមេរិក និងហ្វីលីពីននៅសមុទ្រចិនខាងត្បូង” ។

ជុំវិញបញ្ហានេះដែរ ប្រទេសកាណាដា អូស្ត្រាលី ជប៉ុន និងប្រទេសដទៃទៀត បានសម្តែងការព្រួយបារម្ភ​អំពីចេតនារបស់ចិន ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top