វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានថ្កោលទោសចំពោះ “អំពើប្រល័យពូជសាសន៍” ដែលបានកើតឡើងប្រឆាំងនឹង ជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ នៅក្នុងប្រទេសចិន នៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ដែលបានចេញផ្សាយជាលើកដំបូង ក្រោមការគ្រប់គ្រងរបស់ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។
របាយការណ៍ឆ្នាំ២០២០ បានឲ្យដឹងថាការរំលោភបំពាន លើក្រុមជនជាតិភាគតិច និងសាសនានៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិចប្រទេសចិន រួមមានការដាក់ពន្ធនាគារដោយបំពាន ឬការដកហូតសិទ្ធិរាងកាយ ធ្ងន់ធ្ងររបស់ជនស៊ីវិលជាង ១ លាននាក់ ការក្រៀវដោយបង្ខំការរំលូតកូន ការរំលោភ និងការបង្ខំឱ្យធ្វើពលកម្មជាដើម។
នៅក្រោមអនុសញ្ញារបស់សហរដ្ឋអាមេរិក ការប្រល័យពូជសាសន៍ រួមមានសកម្មភាព ដូចជាការសម្លាប់ ក៏ដូចជាការដាក់ចេញវិធានការណ៍ ដើម្បីការពារការបង្ករកំណើត ដែលប្រព្រឹត្តដោយ“ ចេតនាបំផ្លាញទាំងមូល ឬផ្នែកខ្លះ ឬក្រុមជនជាតិភាគតិច ពូជសាសន៍ ឬសាសនា” ។
អំពើប្រល័យពូជសាសន៍ ត្រូវបានអនុវត្តដំបូងនៅថ្ងៃចុងក្រោយនៃរដ្ឋបាលមុន របស់លោក ដូណាល់ត្រាំ ចំពេលមានបញ្ហាលើទំនាក់ទំនង កាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន ក្រោយមករដ្ឋបានរបស់លោក ចូ បៃដិន ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមករាបានទទួលជំហរ ជាមរតករបស់លោក ដូណាល់ ត្រាំ។
កាលពីថ្ងៃពុធទីក្រុងប៉េកាំង សំដៅដល់ទីក្រុងវ៉ាស៊ីនតោនថា “ការចោទប្រកាន់អំពីអំពើ ប្រល័យពូជសាសន៍របស់ចិន គឺជាការកុហកដ៏ធំ ដែលរំលោភលើច្បាប់អន្តរជាតិ” ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួឈុនយីង បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកបានប្រឌិតការភូតកុហកម្តងហើយម្តងទៀត ហើយបានប្រឌិតការកុហកដ៏គួរឱ្យស្អប់ខ្ពើម ដូចជាការទាក់ទងនឹងអំពើប្រល័យពូជសាសន៍ និងការបង្ខំឱ្យធ្វើពលកម្ម។
នៅក្នុងនោះដែរប្រទេសចិន បានអះអាងថា ទីតាំងដែលហៅថា ជំរំឃុំឃាំងដោយសហរដ្ឋអាមេរិក ពិតជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងភាពជ្រុលនិយមខាងសាសនា ៕
ដោយ ឈូក បូរ៉ា