ព័ត៌មានអន្តរជាតិ

ចិន-អាមេរិក ខ្វែងគំនិតគ្នា ១៨០ដឺក្រេក្នុងការរក ដំណោះស្រាយនៅភូមា

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសមាជិក ក្រុមប្រឹក្សាសន្តិសុខពិភពលោក នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយមានតំណាងចូលរួម ពីភាគីសហរដ្ឋអាមេរិក និងចិន គឺលទ្ធផលបង្ហាញមកថា ប្រទេសមហាអំណាចទាំង២នេះ ខ្វែងគំនិតគ្នា១៨០ដឺក្រេ។

ខ្វែងគំនិតគ្នា ១៨០ដឺក្រេនោះ គឺទី១៖ ភាគីសហរដ្ឋអាមេរិកមានបំណង ធ្វើឲ្យប្រទេសភូមាមានស្ថិរភាពនយោបាយឡើងវិញ តាមរយៈដាក់ទណ្ឌកម្ម និងវិធានការណ៍កៀបសង្កត់ ក្រុមទាហាន ដើម្បីប្រគល់អំណាចជូនលោកស្រី អង់សាន ស៊ូជី ។ អាមេរិកក៏បានគាំទ្រអាស៊ាន ឲ្យដើរតួនាទីចរចានេះជាមុន។

ទី២-ភាគី ចិន មានបំណងធ្វើឲ្យប្រទេសភូមា មានស្ថិរភាពនយោបាយឡើងវិញដូចគ្នា តាមរយៈការចរចាគ្នាដោយសន្តិវិធី ក្នុងចំណោមភាគីជម្លោះក្នុងប្រទេសភូមា។ គាំទ្រអាស៊ានឲ្យដើរតួនាទីចរចាដូចគ្នា តែត្រូវឈរលើជំហរមិនលូកដៃ ចូលក្នុងប្រទេសជាសមាជិក និងជំហរអាស៊ានវាសនាតែមួយ។ ភាគីចិនប្រឆាំងដាច់ខាតលើការ ដាក់ទណ្ឌកម្មលើយោធាភូមា។ នេះបើតាមការឲ្យដឹងពីលោក ហេង វ៉ាន់ដានាយកសកលវិទ្យាល័យ វ៉ាន់ដាគណនេយ្យ និងជាអ្នកចូលចិត្តតាមដានភូមិសាស្រ្តនយោបាយនៅក្នុងពិភពលោក ក៏ដូចជាក្នុងតំបន់អាស៊ាន ។

លោកថា “ក្នុងពេលប្រជុំសមាជិកក្រុមប្រឹក្សា សន្តិសុខពិភពលោក ទស្សនៈម្ចាស់សង្គ្រាមពាណិជ្ជកម្ម ទាំង២នៅមានមតិខ្វែងគ្នា ១៨០ដឺក្រេ និងពិបាកត្រូវគ្នាណាស់ ព្រោះម្ចាស់ទាំង២ កំពុងសំកាំងសំញ៉ែងទ័ពដាក់គ្នា នៅពេញសមុទទ្រចិនខាងត្បូង”។

លោកបានលើកជាសំណួរថា តើពេលណាទើបមានពន្លឺនៃ ដំណោះស្រាយវិបត្តិនៅភូមា? ៕

To Top