ព័ត៌មានអន្តរជាតិ

បាតុករមីយ៉ានម៉ា ​ដុតច្បាប់រដ្ឋធម្មនុញ្ញ​រៀបចំដោយយោធា

បរទេស៖​សកម្មជនមីយ៉ានម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បានដុតច្បាប់ចម្លងរដ្ឋធម្មនុញ្ញ​រៀបចំដោយយោធា ក្រោយរយៈពេលពីរខែ​ បន្ទាប់ពីរដ្ឋាភិបាលយោធា បានដណ្តើមអំណាច ស្របពេលដែលប្រេសិតពិសេស​អង្គការសហប្រជាជាតិ ព្រមានពីហានិភ័យនៃការសម្លាប់រង្គាល ព្រោះតែការបង្ក្រាបកើនឡើង លើបាតុករប្រឆាំងរដ្ឋប្រហារ។

ប្រទេសមីយ៉ានម៉ា បានផ្ទុះការតវ៉ាប្រឆាំង ចាប់តាំងពីកងទ័ពផ្តួលរំលំ​រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ដោយលើកឡើងពីការចោទប្រកាន់​ដោយគ្មានភស្តុតាងថា មានការក្លែងបន្លំក្នុងការ​បោះឆ្នោតកាលពីខែវិច្ឆិកា។

សារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញនូវ​ច្បាប់ចម្លងនៃរដ្ឋធម្មនុញ្ញ ត្រូវបានដុតចោល នៅទីប្រមូលផ្តុំនិងនៅក្នុងផ្ទះនានា នៅក្នុងអំឡុងអ្វីដែលសកម្មជនមួយរូប បានហៅថា ជាពិធីដុតរដ្ឋធម្មនុញ្ញ។

គួរបញ្ជាក់ថា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ​ប្រចាំនៅប្រទេសមីយ៉ានម៉ា លោកស្រី Christine Schraner Burgene បាននិយាយប្រាប់ក្រុមប្រឹក្សា​សន្តិសុខយូអិនមានសមាជិក​១៥ប្រទេសថា យោធាគ្មានសមត្ថភាពអាច​គ្រប់គ្រងប្រទេសបានទេ ហើយនិងបានព្រមានថា ស្ថានភាពនឹងកាន់តែអាក្រក់ឡើង​៕

ប្រែសម្រួល៖​ប៉ាង កុង

To Top