បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបាននិយាយ ប្រាប់ដល់អង្គការ ដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប ស្តីពីការធ្វើឲ្យដុនដាប ជាប្រព័ន្ធរបស់រុស្ស៊ី ចំពោះស្ថានភាពសន្តិសុខ នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើតនិងតំបន់គ្រីមា។
ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅសន្និសីទកាសែតមួយថា ទីក្រុងមូស្គូ បានចល័តកងទ័ពរបស់ខ្លួន នៅជុំវិញប្រទេសរុស្ស៊ី តាមដែលមើលឃើញថាសាកសម។

វិមានក្រឹមឡាំង បានធ្វើការអះអាងថា ការចល័តកងទ័ពនិងឧបករណ៍យោធារបស់រុស្ស៊ី នៅជិតព្រំដែនរុស្ស៊ីជាប់ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ មានគោលដៅធានាដល់សន្តិសុខផ្ទាល់ខ្លួនរបស់ទីក្រុងមូស្គូ និងមិនមែនជាការគម្រាម ចំពោះអ្នកណាម្នាក់នោះទេ។
គួរបញ្ជាក់ថា ទីក្រុងកៀវនិងទីក្រុងមូស្គូ បានរិះគន់ដាក់គ្នា ចំពោះការផ្ទុះហិង្សានៅក្នុងតំបន់នាពេលថ្មីៗនេះ។ អ៊ុយក្រែននិយាយថា មនុស្សប្រមាណ១៤.០០០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះ ចាប់តាំងពីចាប់ផ្តើមផ្ទុះឡើងដំបូង នៅក្នុងឆ្នាំ២០១៤៕
ប្រែសម្រួល៖ប៉ាង កុង
