ព័ត៌មានអន្តរជាតិ

ថៃ ត្រៀមយន្តហោះដឹកជញ្ជូន C-130 ដើម្បីជម្លៀសពលរដ្ឋខ្លួនចេញពីមីយ៉ាន់ម៉ា ប្រសិនបើស្ថានការណ៍ កាន់តែអាក្រក់

បរទេស៖ ប្រទេសថៃបានរៀបចំផែនការ ជម្លៀសប្រជាជនថៃ ដែលជាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាចេញ ប្រសិនបើអំពើហឹង្សានៅទីនោះ កាន់តែអាក្រក់ទៅ ៗ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បាននិយាយថា ស្ថានទូតថៃប្រចាំនៅទីក្រុងយ៉ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា បានរាយការណ៍ថា ការតវ៉ាប្រឆាំងនឹងមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា កំពុងតែបន្ត ទោះបីជាការផ្គត់ផ្គង់ស្បៀងអាហារមិនត្រូវបានរំខានក៏ដោយ។

លោកបាននិយាយថា អាជ្ញាធរថៃបានឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់ ហើយបានឯកភាពថា ស្ថានការណ៍មិនទាន់ឈានដល់ចំណុចមួយដែលប្រជាជនថៃនឹងត្រូវប្រាប់អោយចាកចេញពីប្រទេសមីយ៉ាន់ម៉ាទេ។ ប៉ុន្តែប្រសិនបើអំពើហឹង្សាកាន់តែកើនឡើង ដែលត្រូវការការជម្លៀសប្រជាជនស្ថានទូតមានផែនការក្នុងការនាំ ជនជាតិថៃត្រឡប់ទៅផ្ទះវិញ។

អ្នកនាំពាក្យកងទ័ពអាកាសបាននិយាយថា ប្រមុខកងទ័ពអាកាស បានណែនាំដល់ Wing 6 ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋានដនមឿង ដើម្បីទទួលបានយន្តហោះដឹកអ្នកដំណើរ C-១៣០ ត្រៀមជាស្រេច ប្រសិនបើរដ្ឋាភិបាលប្រគល់បេសកកម្មនាំជនជាតិថៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រឡប់មកផ្ទះវិញ ប្រសិនបើអំពើហឹង្សានៅទីនោះកាន់តែធ្ងន់ធ្ងរ៕ប្រែសម្រួលៈ ណៃ តុលា

To Top