បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) នៅថ្ងៃសុក្របាននិយាយថា អ្នកដែលបានទទួលថ្នាំបង្ការជំងឺកូវីដ១៩ បានពេញលេញ អាចធ្វើដំណើរដោយសុវត្ថិភាព នៅតំបន់ដែលមាន “ ហានិភ័យទាប” បន្ទាប់ពីទីភ្នាក់ងារនេះបានផ្អាកអស់ រយៈពេលជាច្រើនសប្តាហ៍ លើការកែសម្រួលការណែនាំ ដែលរារាំងរាល់ការធ្វើដំណើរ ដែលមិនចាំបាច់។
យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា សេចក្តីប្រកាសបានដកគោលការណ៍ ណែនាំរបស់ទីភ្នាក់ងារនេះថា ប្រជាជនអាមេរិកទាំងអស់គួរតែ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ គួរតែជួយឧស្សាហកម្មទេសចរណ៍អាមេរិក ដែលកំពុងតស៊ូខ្លាំងចាប់តាំងពីវិបត្តិ Covid-19 បានចាប់ផ្តើមនៅដើមឆ្នាំ ២០២០ ។ ការណែនាំថ្មីរបស់ CDC ជាពិសេសការបើកភ្លើងខៀវសម្រាប់ជីដូនជីតា ដែលបានចាក់វ៉ាក់សាំងរួចអាចជិះយន្តហោះ ទៅមើលចៅៗពួកគេបាន។

ក្រុមតំណាងឱ្យ ក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗ របស់សហរដ្ឋអាមេរិក រួមមានក្រុមហ៊ុនអាកាសចរណ៍អាមេរិកអ៊ែរឡាញ Delta Air Lines, United Airlines, Southwest Airlines និងក្រុមហ៊ុនពាណិជ្ជកម្មផ្សេងទៀត កាលពីថ្ងៃទី ២២ ខែមីនា បានជំរុញឱ្យ CDC ធ្វើបច្ចុប្បន្នភាពការណែនាំរបស់ខ្លួនភ្លាមៗ ដើម្បីនិយាយថា «អ្នកដែលទទួលថ្នាំបង្ការ អាចធ្វើដំណើរដោយសុវត្ថិភាព»។
ការណែនាំថ្មីនេះ ក៏នឹងនិយាយផងដែរថា អ្នកចាក់វ៉ាក់សាំងពេញលេញ មិនចាំបាច់ទទួលការធ្វើតេស្ត Covid-19 មុនពេលឬក្រោយពេលធ្វើដំណើរ ហើយមិនចាំបាច់ផ្តាច់ខ្លួន (ចត្តាឡីស័ក) បន្ទាប់ពីធ្វើដំណើរ។
CDC បាននិយាយថា ជីដូនជីតាដែលបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ គឺអាចធ្វើដំណើរតាមយន្តហោះ ដោយមិនចាំបាច់ទទួលការធ្វើតេស្តរកវីរុស Covid-19 ឬ ក៏ធ្វើចត្តាឡីស័ក ឡើយ ដរាបណាពួកគេធ្វើតាមដំបូន្មានរបស់ CDC សម្រាប់ការធ្វើដំណើរដោយសុវត្ថិភាព ៕
ប្រែសម្រួលៈ ណៃ តុលា
