ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានទទូចឲ្យសហរដ្ឋអាមេរិកគោរព ផលប្រយោជន៍ស្នូលរបស់ចិន យ៉ាងពិតប្រាកដ និងប្រកាន់យកទស្សនៈត្រឹមត្រូវនៃការអភិវឌ្ឍន៍របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកវ៉ាង យី បានធ្វើការកត់សម្គាល់ជាការឆ្លើយតបនឹងសំណួរប្រព័ន្ធផ្សព្វផ្សាយអំពីទំនាក់ទំនងចិន-សហរដ្ឋអាមេរិក បន្ទាប់ពីជួបជាមួយសមភាគីសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ នៅខេត្តហ្វូជានប្រទេសចិន។
ដោយលើកឡើងថារដ្ឋមន្រ្តីការបរទេសបានចាត់ទុកការអភិវឌ្ឍ និងកំណើនរបស់ចិនថា ជាភាពចាំបាច់ជាប្រវត្តិសាស្ត្រលោក វ៉ាង យី បានលើកឡើងថាគេជឿថា ការអភិវឌ្ឍរបស់ចិនស្របតាមការរំពឹងទុករួម និងផលប្រយោជន៍រយៈពេលវែងរបស់ប្រទេសទាំងអស់នៅក្នុងតំបន់ដែលមិនគួរត្រូវបានរារាំង។
លោកបានបន្ដថា រដ្ឋមន្រ្តីការបរទេសជឿជាក់ថាប្រឈមនឹងបញ្ហានៃសាកលភាវូបនីយកម្ម និងយុគសម័យក្រោយការរីករាលដាលនៃជំងឺរាតត្បាត ប្រទេសចិននិងសហរដ្ឋអាមេរិក គួរតែមានការសន្ទនា និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់នេះជំនួសឱ្យការលេងល្បែង និងការប្រឈមមុខគ្នាបំពេញកាតព្វកិច្ចរបស់មហាអំណាចធំៗ និងបង្ហាញការទទួលខុសត្រូវជាប្រទេសមហាអំណាច។
លោកវ៉ាងយី បានអះអាងថា ប្រទេសចិន មានឆន្ទៈក្នុងការឆ្លើយតបចំពោះការរំពឹងទុករបស់គ្រប់ភាគីទាំងអស់ និងបន្តខិតខំប្រឹងប្រែង ដើម្បីឈានដល់ទីបញ្ចប់នៃជំងឺកូវីដ-១៩នេះ។
ទាក់ទងទៅនឹងទឡ្ហីករណ៍នៃការប្រកួតប្រជែងកិច្ចសហប្រតិបត្តិការ និងការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀតដោយសហរដ្ឋអាមេរិក បានដាក់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនលោកវ៉ាង បានបញ្ជាក់ថា ជំហររបស់ចិន គឺស្របនិងច្បាស់លាស់។
លោក បន្ថែមថា ប្រទេសចិនស្វាគមន៍ការសន្ទនាគ្នាដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងការគោរពគ្នាទៅវិញទៅមកដោយបន្ថែមទៀងថា ចិនមិនយល់ព្រមលើការធ្វើសមាហរណកម្មតែមួយលើពិភពលោកនោះទេ៕
ដោយ ឈូក បូរ៉ា