ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ថានាយកដ្ឋាន កិច្ចការបរទេស របស់ទីក្រុងកង់បេរ៉ា បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ជនជាតិអូស្រ្តាលី ចំនួន០២នាក់ដែលត្រូវបានឃុំខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែមុនត្រូវបានដោះលែងហើយ និងបានចាកចេញពីទីក្រុងរ៉ងហ្គូន ហើយដែរ ។
លោក Matthew O’Kane អ្នកពិគ្រោះយោបល់ផ្នែកជំនួញ និងលោកស្រី Christa Avery ជាជនជាតិអូស្ត្រាលី ដែល០២នាក់ត្រូវបានឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីព្យាយាមចាកចេញ ពីប្រទេសនេះ តាមជើងហោះហើរ សង្គ្រោះកាលពីខែមីនា ។
អ្នកនាំពាក្យក្រសួងការបរទេស និងពាណិជ្ជកម្មបានឲ្យដឹងថា ក្រុមមន្រ្តីអូស្រ្តាលី បានផ្តល់ជំនួយកុងស៊ុលដល់ប្តីប្រពន្ធនេះអំឡុងពេលពួកគេត្រូវបានគេឃុំឃាំង និងដោះលែង ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានផ្តល់ការគាំទ្រសម្រាប់ការចាកចេញរបស់ពួកគេពីរ៉ងហ្គូន កាលពីថ្ងៃទី០៤ ខែមេសា” ។
“យើងស្វាគមន៍សម្រាប់ការដោះលែងពួកគេ” ។
គេបានដឹងថា ប្តីប្រពន្ធនេះបានបើកអាជីវកម្ម ពិគ្រោះយោបល់ ពាណិជ្ជកម្មនៅទីក្រុងរ៉ងហ្គូន ។
លោក Sean Turnell សេដ្ឋវិទូជនជាតិអូស្ត្រាលី ដែលជាជនទី៣ ជាទីប្រឹក្សារបស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានចាប់ខ្លួនមួយសប្តាហ៍ បន្ទាប់ពីការឃុំខ្លួន ហើយស្ថិតនៅតែបន្តឃុំខ្លួនដដែល ៕
ដោយ៖ ម៉ៅ បុប្ផាមករា