ព័ត៌មានអន្តរជាតិ

ជំនួយការ ប្រធានាធិបតីហ្វីលីពីន ព្រមានអំពីអរិភាពជុំវិញ រឿងទូករបស់ចិន

បរទេស៖ ការលុកលុយធ្វើឡើង ដោយទូកចិនរាប់រយគ្រឿង នៅដែនសមុទ្រចិនខាងត្បូង គឺកំពុងតែធ្វើឲ្យជាប់គំាងចំណងមិត្តភាព រវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង និងអាចនឹងទៅរកអរិភាព ដែលមិនគួរឲ្យចង់បាន នេះបើតាមសម្តីជំនួយការមួយរូប របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូតឺតេ និយាយនៅថ្ងៃចន្ទនេះ។

លោក Salvador Panelo ជាទីប្រឹក្សាច្បាប់របស់ លោកប្រធានាធិបតិហ្វីលីពីន បានមានប្រសាសន៍ប្រាប់ថា វត្តមានរយៈពេលយូររបស់ទូកចិត្តទាំងនោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្វីលីពីន គឺជាការជាប់គាំងមួយលើចំណងទាក់ទង និងអាចបង្កឲ្យមានភាពជាសត្រូវ ដែលប្រទេសទាំងពីរ មិនចង់ឲ្យកើតមានផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមសេចក្តីរាយការណ៍ លោក Salvador Panelo បានមានប្រសាសន៍ប្រាប់ដូច្នេះថា “យើងអាចចរចាគ្នាលើបញ្ហានានា នៃក្តីព្រួយបារម្ភចំពោះគ្នានិងគ្នា និងផលប្រយោជន៍ ប៉ុន្តែមិនអាចបង្កើតឲ្យមានកំហុសឆ្គង់អំពីវាបានទេ គឺអធិបតេយ្យភាពរបស់យើង គឺជារឿងមិនអាចចរចាគ្នាបាន”។

គួរបញ្ជាក់ថា កាលពីខែមុន ប្រទេសហ្វីលីពីន បានធ្វើការតវ៉ាតាមការទូត ស្តីពីវត្តមានប្រមូលផ្តុំគ្នាគួរឲ្យ ខ្លាចរបស់នាវាចិនចំនួន ២២០គ្រឿង ដែលគេជឿថាបើកដោយពួក កងជីវពលនៅតំបន់ថ្មប៉ប្រះទឹក Whitsun ហើយគោលជំហរនៃការតវ៉ានោះ ត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top