បរទេស ៖ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈរបស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃអង្គារថា អ្នកដំណើរពីទីក្រុងបាងកក និងតំបន់គ្រោះថ្នាក់ផ្សេងទៀត ទៅកាន់ខេត្តកំណើត របស់ពួកគេ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នឹងមិនត្រូវបានដាក់ឱ្យនៅដាច់ពីគេ ឬ ធ្វើចត្តាឡីស័ក នោះទេ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Anutin បាននិយាយថា ទោះបីជាខេត្តនានាត្រូវបានបែងចែក ទៅជាតំបន់ដែលត្រូវបានកំណត់ ដោយពណ៌ យោងតាមអត្រាឆ្លង ប៉ុន្តែគ្មានខេត្តណាមួយ ត្រូវបានគេចាក់សោរ ឬ បិទឡើយ ។ ប្រជាជននៅតែអាចធ្វើដំណើរទៅខេត្តផ្សេងទៀត ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក នៅពេលមកដល់គោលដៅ របស់ពួកគេ។
រដ្ឋមន្រ្តីសុខាភិបាលថៃ រូបនេះបន្ថែមថា មានតែអ្នកដែលឆ្លងវីរុស ឬត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់ប៉ុណ្ណោះ ដែលនឹងត្រូវទុកឱ្យនៅដាច់ពីគេ។
លោក Anutin បានមានប្រសាសន៍ ថា តាមយោបល់ ដែលអ្នកដំណើរមកពីខេត្ត ដែលត្រូវបានកំណត់ថា ជាតំបន់ក្រហមអាចបង្កការ ព្រួយបារម្ភនៅពេល មកដល់ខេត្តផ្សេងៗ ៕
ប្រែសម្រួលៈ ណៃ តុលា