តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានឲ្យដឹងថា ការដកទណ្ឌកម្មទាំងស្រុង របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ នឹងស្ថិតនៅលើ របៀបវារៈនៃកិច្ចប្រជុំ ដែលគ្រោងធ្វើនៅថ្ងៃអង្គារនេះ នៅទីក្រុងវីយែន។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក Khatibzadeh បានថ្លែងក្នុងសន្និសីទកាសែតថា “មាគ៌ា គឺច្បាស់ហើយរាល់ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ត្រូវតែលុបចោលភ្លាមៗ” ។
លោកបានបន្ថែមថា បន្ទាប់ពីអ៊ីរ៉ង់បានផ្ទៀងផ្ទាត់វិធានការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក វានឹងត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ច្រាសវិធានការរបស់ខ្លួនទាក់ទងនឹងការព្យួរការប្តេជ្ញាចិត្តរបស់ខ្លួនដែលបានធ្វើឡើងដោយសារតែការរំលោភលើកិច្ចព្រមព្រៀងផ្ទុយគ្នា។
នៅក្នុងនោះដែរអ្នកនាំពាក្យរូបនេះ បានច្រានចោលរាល់ផែនការសម្រាប់ការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ជាជំហានៗ ដោយសហរដ្ឋអាមេរិក។
លោក Khatibzadeh បានបន្ថែមថា ក្រៅពីនេះការពិភាក្សានៅក្នុងកិច្ចប្រជុំនៅទីក្រុងវីយែន គឺផ្តោតទៅលើការបំពេញកាតព្វកិច្ចរបស់ភាគីផ្សេងទៀតក្នុងកិច្ចព្រមព្រៀង ដើម្បីការពារផលប្រយោជន៍កិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់។
រដ្ឋបាលរបស់អតីត ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានបោះបង់ចោលជាឯកតោភាគី កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ឬផែនការសកម្មភាពរួម (JCPOA) និងបានដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ជាថ្មីម្តងទៀតកាលពីខែឧសភា ឆ្នាំ ២០១៨៕
ដោយ ឈូក បូរ៉ា