បរទេស៖ ប៉ូលិសរបស់រុស្ស៊ី នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានបង្កើនសន្តិសុខនៅពន្ធនាគារ ដែលឃុំមេដឹកនាំប្រឆាំង លោក Alexei Navalny ស្របពេលអ្នកគាំទ្ររបស់លោក ត្រៀមធ្វើការតវ៉ានៅខាងក្រៅពន្ធនាគារនោះ ដើម្បីទាមទារឲ្យអាជ្ញាធរផ្តល់ជូនលោក នូវការថែទាំបែបវេជ្ជសាស្ត្រដ៏សមស្រប។
លោក Navalny វ័យ៤៤ឆ្នាំ ជាមេដឹកនាំប្រឆាំងប្រធានាធិបតី វ្លាឌីមៀរ ពូទីន ដ៏លេចធ្លោរមួយរូប បានប្រកាសធ្វើកូដកម្មអត់អាហារមួយ កាលពីសប្ដាហ៍មុន ក្នុងដំណើរតវ៉ាចំពោះអ្វីដែលលោកនិយាយថា អាជ្ញាធរពន្ធនាគារ បដិសេធមិនព្យាបាលលោក ឲ្យបានស្រួលបួល សម្រាប់ការឈឺខ្នងនិងជើងធ្ងន់ធ្ងរ។

ក្រុមសម្ពន្ធមិត្តរបស់លោក បាននិយាយថា ពួកគេនឹងធ្វើការតវ៉ានៅពន្ធនាគារ ក្នុងទីក្រុង Pokrov ចម្ងាយ ១០០គីឡូម៉ែត្រខាងកើតទីក្រុងមូស្គូ ចាប់ពីថ្ងៃអង្គារនេះ ប្រសិនបើលោកមិនឃើញវេជ្ជបណ្ឌិត ដែលលោកជ្រើសរើស និងផ្តល់ឲ្យនូវអ្វីដែលពួកគេចាត់ទុកថា ជាឱសថត្រឹមត្រូវទេនោះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរពន្ធនាគារនិយាយថា ស្ថានភាពរបស់លោក គឺគួរជាទីពេញចិត្តហើយ ហើយលោកត្រូវបានផ្តល់ឲ្យ នូវការព្យាបាលចាំបាច់ទាំងអស់ ៕
ប្រែសម្រួល៖ ប៉ាង កុង
