ព័ត៌មានអន្តរជាតិ

អ្នកទោស ចំនួន១.៨៤៤នាក់ រត់គេចខ្លួន បន្ទាប់ពីខ្មាន់កំាភ្លើង បានបើកការវាយប្រហារ នៅក្នុងមន្ទីរឃុំឃាំង នៅភាគខាងត្បូងនីហ្សេរីយ៉ា

អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ថា សេវាកម្មកែប្រែនីហ្សេរីយ៉ា ហៅកាត់ថា (NCS) បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកទោសចំនួន១.៨៤៤នាក់ បានរត់គេខ្លួន បន្ទាប់ពីប៉ុន្មានម៉ោង ដែលខ្មាន់កំាភ្លើងបានបើកការវាយប្រហារមួយ នៅឯមជ្ឈមណ្ឌលឃុំឃាំង នៅក្រុង Owerri រដ្ឋធានីស្ថិតនៅភាគខាងត្បូង នៃរដ្ឋ Imo ។

លោក Francis Enobore អ្នកនាំពាក្យរបស់ NCS បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស មួយថា ខ្មាន់កំាភ្លើងមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារ នៅវេលាម៉ោង២និង១៥នាទីព្រឹក ត្រូវនឹងម៉ោង០១ និង១៥នាទីម៉ោងសកល នៅថ្ងៃចន្ទ និងបានចូលតាមច្រកទ្វារ ចូលក្នុងមន្ទីរឃុំឃាំង ដោយប្រើគ្រឿងផ្ទុះធ្វើឲ្យផ្ទុះ នៅប្លុករដ្ឋបាល ។

លោក Enobore បាននិយាយថា “មជ្ឈមណ្ឌលឃុំឃាំង Owerri នៅរដ្ឋ Imo បានរងការវាយប្រហារដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ និងបានបង្ខំដោះលែងអ្នកទោសសរុប១.៨៤៤នាក់ នៅក្នុងមន្ទីរឃុំឃាំង” ។

គាត់បាននិយាយថា ខ្មាន់កំាភ្លើង បានមកដល់មជ្ឈមណ្ឌល ដែលមានអ្នកទោសច្រើននាក់នៅទីនោះ “ ប្រដាប់ដោយអាវុធ និងបានបើកឆាកប្រយុទ្ធ​ ជាមួយនឹងសន្តិសុខនៅទីនោះ ។ ពួកគេបានបំផ្ទុះនៅច្រកចូល ក្នុងមន្ទីរឃុំឃាំង” ។

គាត់បាននិយាយថា លោក John Mrabure អគ្គនាយកត្រួតពិនិត្យនៅមជ្ឈមណ្ឌលកែប្រែស្តីទី បានបញ្ជាឲ្យបើកការស៊ើបអង្កេតទៅលើឧប្បត្តិហេតុនេះ និងសហការជាមួយអង្គការសន្តិសុខផ្សេងទៀត ដើម្បីបើកប្រតិបត្តិការចាប់ខ្លួន ក្រុមអ្នកទោសដែលបានរត់គេច ដោយនាំខ្លួនយកមកវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top