ព័ត៌មានអន្តរជាតិ

លោក ពូទីន ចុះហត្ថលេខាលើច្បាប់ ដែលអាចរក្សាលោក នៅវិមានក្រឹមឡាំង រហូតដល់ឆ្នាំ២០៣៦

បរទេស៖ រដ្ឋាភិបាលរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអាចរក្សាលោកឲ្យស្ថិតនៅក្នុងតំណែង នៅវិមានក្រឹមឡាំង រហូតដល់ឆ្នាំ២០៣៦។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយមួយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ច្បាប់ថ្មីនោះ អនុញ្ញាតឲ្យលោក ពូទីន ឈរឈ្មោះជាប្រធានាធិបតី ចំនួនពីរអាណត្តិថែមទៀត (មួយអាណត្តិ៦ឆ្នាំ) នៅពេលអាណត្តិបច្ចុប្បន្នរបស់លោក ចប់នៅក្នុងឆ្នាំ២០២៤ ហើយការចុះហត្ថលេខានេះ គឺធ្វើឡើងក្រោយការផ្លាស់ប្តូរ រដ្ឋធម្មនុញ្ញកាលពីឆ្នាំមិញ។

ការផ្លាស់ប្តូរទាំងនោះ គឺត្រូវបានគាំទ្រក្នុងការបោះឆ្នោតជាសាធារណៈ កាលពីរដូវក្តៅមុន និងអាចអនុញ្ញាតឲ្យលោក ពូទីន ដែលមានវ័យ ៦៨ឆ្នាំនោះ នៅតែស្ថិតនៅក្នុងអំណាច រហូតដល់អាយុ ៨៣ឆ្នាំ។ លោកនាពេលបច្ចុប្បន្នកំពុងតែកាន់តំណែង ជាប្រធានាធិបតីក្នុងអាណត្តិ ជាប់គ្នាទីពីររបស់លោក និងជាអាណត្តិទី៤ ក្នុងចំនួនសរុបរបស់លោក។

គួរបញ្ជាក់ថា ច្បាប់ដែលលោក ពូទីន ចុះហត្ថលេខានោះ បានដាក់កម្រិតឲ្យប្រធានាធិបតីអនាគតណាមួយ ឈរឈ្មោះបានពីរអាណត្តិ ប៉ុន្តែបានកែប្រែការរាប់អាណត្តិ របស់លោកជាថ្មីឡើងវិញ ហើយច្បាប់នេះ ទប់ស្កាត់អ្នកណាម្នាក់ ដែលកាន់សញ្ជាតិបរទេស មិនឲ្យកាន់អំណាចនៅវិមានក្រឹមឡាំង ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top