ព័ត៌មានអន្តរជាតិ

អាមេរិក និងអ៊ីរ៉ង់ បោះជំហានដំបូង ក្នុងដំណើរស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ក្នុងកិច្ចពិភាក្សានៅវីយេន

បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ចាប់ផ្តើមកិច្ចពិភាក្សាប្រយោលនៅថ្ងៃអង្គារនេះ នៅក្នុងប្រទេសអូទ្រីស ដើម្បីពិភាក្សាអំពីភាពអាចវិលត្រឡប់វិញ របស់សហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកនិយាយថា មិនរំពឹងទទួលបានលទ្ធផលភ្លាមៗទេ។

កិច្ចប្រជុំក្នុងទីក្រុងវីយេន ដែលរៀបចំឡើងដោយសហភាពអឺរ៉ុប នឹងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងផ្សេងគ្នាពីរ ស្តីពីរបៀបដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ទាំងពីរវិលត្រឡប់មកអនុវត្តតាម លក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហើយក្រសួងការបរទេសអាមេរិក ហៅកិច្ចពិភាក្សាគ្នាដោយប្រយោលនេះថា ការបោះជំហានឆ្ពោះទៅមុខដ៏ល្អ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំមួយក្នុងចំណោម ភាគីជាម្ចាស់ហត្ថលេខានៅសេសសល់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ បានព្រមព្រៀងជួបគ្នា តាមរយៈអន្តរការី នៅថ្ងៃអង្គារនេះ។

តាមសេចក្តីរាយការណ៍ ទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន នឹងជួបគ្នាសម្រេចលើសេចក្តីលម្អិត នៃកិច្ចព្រមព្រៀងណាមួយ នៅពេលដែលអ៊ីរ៉ង់ និងភាគីចូលរួមផ្សេងទៀត ចេញនូវសំណើទូទៅមួយ។ កាលពីខែកុម្ភៈ រដ្ឋាភិបាលអ៊ីរ៉ង់ បានបដិសេធមិនធ្វើកិច្ចពិភាក្សាគ្នា ដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក តាមដែលគេស្នើឡើងទេ ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top