បរទេស៖ កម្មករកូរ៉េខាងជើង ចំនួន៣នាក់ ដែលត្រូវគេចាប់ឃុំខ្លួន នៅក្នុងប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ ត្រូវបានដោះលែង ឲ្យមានសេរីភាព និងអនុញ្ញាតឲ្យធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង នេះបើយោង តាមសេចក្តីរាយការណ៍មួយ របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មាន Baikal Daily បានរាយការណ៍ថា អតីតកម្មករ ជាជនជាតិកូរ៉េខាងជើង បានជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី សម្រាប់រយៈពេល ប្រហែលពីរឆ្នាំ ក្រោយប៉ុនប៉ងរត់ភៀសខ្លួន ចេញពីប្រទេស។ រុស្ស៊ីពីមុនបានបំពាន ទណ្ឌកម្ម ដែលដាក់លើកូរ៉េខាងជើង តាមរយៈការបន្តទទួលពលករពីកូរ៉េខាងជើង។
សកម្មជននៅក្នុង សាធារណរដ្ឋ Buryatia ជាផ្នែកនៃសហព័ន្ធរុស្ស៊ី បាននិយាយថា កម្មករទាំងនោះ នឹងរងការពិន័យ ប្រសិនបើពួកគេវិលត្រឡប់ ទៅប្រទេសកូរ៉េខាងជើងវិញ ហើយតាមសេចក្តីរាយការណ៍ សកម្មជននានា បានធ្វើយុទ្ធនាការសម្រាប់ អ្នកទោសទាំងនោះ មុនពេលពួកគេត្រូវបានដោះលែង។
យោងតាមកាសែត Baikal Daily បានឲ្យដឹងថា លោក Alexandra Myakhanova ជាមេធាវីនិងជាសកម្មជនយុត្តិធម៌ សង្គមក្នុងតំបន់ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “សំណាងល្អ ជនជាតិកូរ៉េខាងជើង ទាំងនោះ ត្រូវបានអនុញ្ញាត ឲ្យធ្វើដំណើរទៅ ប្រទេសកូរ៉េខាងត្បូង ហើយពួកគេមានសុវត្ថិភាព”៕
ប្រែសម្រួល៖ប៉ាង កុង