ព័ត៌មានអន្តរជាតិ

វៀតណាម អនុញ្ញាតឱ្យយន្តហោះ ប៊ូអ៊ីង ៧៣៧ Max ឆ្លងកាត់ដែនអាកាសរបស់ខ្លួន ក្រោយហេតុការណ៍ ធ្លាក់កាលពី ២ឆ្នាំមុន

បរទេស៖ ក្រសួងដឹកជញ្ជូន របស់វៀតណាម បានអនុញ្ញាតឱ្យ យន្តហោះប៊ូអ៊ីង ៧៣៧ Max ឆ្លងកាត់ដែនអាកាស របស់ប្រទេសនេះឡើងវិញ បន្ទាប់ពីរយៈពេល ២ ឆ្នាំ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានសំណើ របស់អាជ្ញាធរអាកាសចរណ៍ ស៊ីវិលវៀតណាម (CAAV) កាលពីខែមុន ដោយលើកឡើង ពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនប៊ូអ៊ីង ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស នៃយន្ដហោះនិងការវាយតម្លៃ ដោយអាជ្ញាធរអាកាសចរណ៍ នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។

ទោះយ៉ាងណា ក្រសួងបានបញ្ជាឱ្យ CAAV បន្តតាមដានបញ្ហាដែលពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពខ្លួន ជាមួយព័ត៌មាន ពីប្រទេសចិនអូស្រ្តាលី និងរុស្ស៊ី ដែលជាប្រទេស ដែលមិនទាន់បានបើកដែនអាកាស របស់ពួកគេសម្រាប់ ម៉ូដែលយន្តហោះនេះ។

សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យយន្តហោះប៊ូអ៊ីង ៧៣៧ Max ចាប់ផ្តើមប្រតិបត្តិការឡើងវិញ នៅក្នុងខែធ្នូ និងអឺរ៉ុបបានធ្វើដូច្នេះ នៅក្នុងខែមករា។

យន្ដហោះប៊ូអ៊ីង ៧៣៧ Max ត្រូវបានផ្អាកការហោះហើរ នៅទូទាំងពិភពលោក នៅខែមីនាឆ្នាំ ២០១៩ បន្ទាប់ពីមនុស្ស ៣៤៦ នាក់បានស្លាប់នៅក្នុងហេតុការណ៍ ធ្លាក់ពីរលើក ក្នុងចន្លោះពេល ប៉ុន្មានខែប៉ុណ្ណោះ នៅប្រទេសឥណ្ឌូនេស៊ី និង នៅប្រទេសអេត្យូពី៕

To Top