បរទេស ៖ ប្រទេសអូស្ត្រាលី នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួននឹងស្នើសហភាពអឺរ៉ុប ឲ្យចេញថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca ជាង៣លានដូស ហើយនេះជាការតេស្ត ការអះអាង របស់ទីក្រុងព្រួចសែល ថា វាមិនត្រូវបានបិទការដឹកជញ្ជូនទេ ស្របពេលដែលអូស្ត្រាលី ប្រឹងប្រែងចាក់វ៉ាក់សាំង ឲ្យប្រជាជនខ្លួន ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុប បានបដិសេធមិនបិទការដឹកជញ្ជូន ចេញវ៉ាក់សាំង ទៅឲ្យអូស្ត្រាលី ដែលយឺតយ៉ាវអនុវត្តមិនទាន់ តាមការគ្រោងទុកក្នុងកម្មវិធី ចាក់ថ្នាំវ៉ាក់សាំង។
សហភាពអឺរ៉ុបនិយាយថា ខ្លួនមិនទទួលខុសត្រូវ ចំពោះកំហុសនៃក្រុមហ៊ុន AstraZeneca ដើម្បីរក្សាការប្តេជ្ញា ចំពោះប្រទេសដទៃនោះទេ ហើយនៅពេលភ្លាមៗនេះ ក្រុមហ៊ុន AstraZeneca នៅមិនទាន់ឆ្លើយតបនឹងសំណើ សុំការអត្ថាធិប្បាយនៅឡើយនោះទេ នាថ្ងៃពុធនេះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាន មានប្រសាសន៍ថា ប្រទេសអូស្ត្រាលី ត្រូវបានសហភាពអឺរ៉ុប ស្នើឲ្យដកពាក្យស្នើសុំការ អនុញ្ញាតការនាំចេញ ហើយលិខិតស្នើសុំការផ្គត់ផ្គង់នានា មិនមានការឆ្លើយតបទេ ។
លោក Scott Morrison បានបញ្ជាក់ថា ប្រសិនបើសហភាពអឺរ៉ុប នាពេលបច្ច្ចុប្បន្ននេះ បង្ហាញឆន្ទៈចេញការដឹកជញ្ជូននោះ លោកនឹងស្នើសុំជាថ្មីម្តងទៀត ឲ្យចេញថ្នាំវ៉ាក់សាំង៣,១លានដូស៕
ប្រែសម្រួល៖ប៉ាង កុង