ព័ត៌មានអន្តរជាតិ

រុស្ស៊ី ជំរុញអ៊ុយក្រែននិងណាតូ បញ្ឈប់ការត្រៀមលក្ខណៈយោធា និងសកម្មភាពផ្សេងទៀត ដែលអាចបង្កើនភាពតានតឹង

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានអំពាវនាវឱ្យ ទីក្រុងគៀវ និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បញ្ឈប់ការត្រៀមលក្ខណៈយោធា និងសកម្មភាពផ្សេងទៀត ដែលអាចបង្កើនភាពតានតឹងនៅតំបន់ភាគខាងកើតអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងលោកស្រី Maria Zakharova បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងគាំទ្រការដោះស្រាយជម្លោះនៅក្នុងតំបន់ ដុនបាស ទាំងស្រុងដោយមធ្យោបាយសន្តិភាព។

លោកស្រីបានលើកឡើងថា ប្រទេសរុស្ស៊ី បានកត់សម្គាល់ពីយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិចមួយចំនួន ដែលកំពុងព្យាយាមចោទប្រកាន់ប្រទេសរុស្ស៊ី ពីបទធ្វើឲ្យជម្លោះកាន់តែខ្លាំងឡើងនៅតំបន់ ដុនបាស និងនៅតាមព្រំដែនរុស្ស៊ី – អ៊ុយក្រែន។

លោកស្រី Zakharova បានបន្ដថា “យើងមើលយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត និងមធ្យោបាយឃោសនា ដើម្បីបង្វែរការចាប់អារម្មណ៍ពីការកសាងយោធាផ្ទាល់ខ្លួនរបស់ទីក្រុងគៀវ នៅដុនបាស ការបំផ្លាញកិច្ចព្រមព្រៀងទីក្រុងមីន (ស្តីពីការដោះស្រាយតំបន់ដុនបាស) និងបង្កើនសកម្មភាពយោធារបស់បណ្តាប្រទេសណាតូនៅអ៊ុយក្រែន” ។

ទីក្រុងគៀវ បន្តបញ្ជូនកម្លាំង និងអាវុធថ្មីទៅកាន់ខ្សែបណ្តាញទំនាក់ទំនងនៅតំបន់ដុនបាស និងរំលោភបទឈប់បាញ់ជាមួយពួកបះបោរនៅទីនោះ ខណៈប្រទេសអូតង់មួយចំនួន បានបង្កើនសកម្មភាពយោធា នៅលើទឹកដីអ៊ុយក្រែន និងនៅសមុទ្រខ្មៅជិតព្រំដែនរុស្ស៊ី។

អ្នកការទូតរូបនេះបានកត់សម្គាល់ថា នៅឆ្នាំ ២០២១ ប្រទេសអ៊ុយក្រែន គ្រោងនឹងធ្វើសមយុទ្ធរួមគ្នាចំនួន ៧ នៅលើទឹកដីរបស់ខ្លួន ជាមួយបណ្តាប្រទេសណាតូផ្សេងៗគ្នា។

លោកស្រីបានបន្ថែមថា អង្គការណាតូបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រដឹកនាំដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ការផ្គត់ផ្គង់អាវុធដ៍សាហាវ និងការបណ្តុះបណ្តាលបុគ្គលិកយោធាអ៊ុយក្រែន៕

ដោយ ឈូក បូរ៉ា

To Top