បរទេស៖ ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការរិះគន់ សហរដ្ឋអាមេរិក ចំពោះភាពតានតឹង ជុំវិញបញ្ហាកោះតៃវ៉ាន់ ក្រោយនាវាចម្បំាង អាមេរិកមួយគ្រឿង ធ្វើដំណើរក្បែរកោះ ដែលចិនអះអាង កម្មសិទ្ធិ និងចោទសួរតាមបែប វោហារសាស្ត្រថា តើចិននឹងធ្វើដំណើរ នៅឈូងសមុទ្រម៉ិកស៊ិក ដើម្បីជាការបង្ហាញ នូវភាពខ្លាំងដែរឬទេ។
ថ្លែប្រាប់សន្និសីទកាសែត ប្រចាំថ្ងៃមួយ មន្ត្រីនាំពាក្យក្រសួង ការបរទេសចិន លោក Zhao Lijian បានថ្លែងប្រាប់ថា នាវាអាមេរិកដែលពាក់ព័ន្ធ ក្នុងការបង្កហេតុ បញ្ជូននូវសញ្ញាខុសធ្ងន់ធ្ងរ ដល់កងកម្លាំង ឯករាជ្យ របស់កោះតៃវ៉ាន់ គម្រាមកំហែង ដល់សន្តិភាព និងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់។
កោះតៃវ៉ា់ន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានធ្វើការត្អូញត្អែដដែលៗ ពីសកម្មភាពយោធា ធ្វើឡើងដោយទីក្រុងប៉េកាំង ដោយកងកម្លាំងទ័ពអាកាស របស់ប្រទេសនេះ បានធ្វើ សកម្មភាពលុកលុយ ស្ទើរតែរាល់ថ្ងៃ ចូលក្នុងតំបន់កំណត់ ការពារដែន អាកាស តៃវ៉ាន់។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ ចិនបាននិយាយថា ក្រុមនាវាផ្ទុកយន្តហោះ របស់ខ្លួន កំពុងតែធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ហើយនៅថ្ងៃពុធម្សិលមិញនេះ នាវាចម្បាំងសហរដ្ឋអាមេរិក បានធ្វើដំណើរកាត់តាម ច្រកសមុទ្រតៃវ៉ាន់ ដែលខ័ណ្ឌចែក កោះតៃវ៉ាន់ និងចិនដីគោក៕
ប្រែសម្រួល៖ប៉ាង កុង