បរទេស៖ សហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់ បានចុះកិច្ចព្រមព្រៀងមួយ លើការដកងទ័ពប្រយុទ្ធរបស់សហរដ្ឋអាមេរិកចុងក្រោយ ចេញពីទឹកដីអ៊ីរ៉ាក់ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រោយបញ្ចប់កិច្ចពិភាក្សាគ្នាជុំទី៣ រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់ ដែលគេហៅថា កិច្ចពិភាក្សាយុទ្ធសាស្ត្រនោះ ភាគីទាំងពីរ បានព្រមព្រៀងគ្នាថា វត្តមានយោធាសហរដ្ឋអាមេរិក នឹងចាប់ផ្តើមផ្លាស់ប្តូរទៅធ្វើតួនាទីមិនប្រយុទ្ធ។
សេចក្តីថ្លែងការណ៍ បាននិយាយដូច្នេះថា “ផ្អែកលើការបង្កើនសមត្ថភាពកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ភាគី (ទាំងពីរ) បានបញ្ជាក់ថា បេសកកម្មរបស់កងកម្លាំងសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត នាពេលបច្ចុប្បន្ននេះ បានផ្លាស់ប្តូរទៅធ្វើតួនាទីមួយ ដែលផ្តោតលើការបណ្ដុះបណ្ដាលនិងផ្តល់យោបល់ ដោយហេតុដូច្នេះ អនុញ្ញាតឲ្យធ្វើការបញ្ជូនជាថ្មីនូវកងកម្លាំងប្រយុទ្ធសេសសល់ណាមួយ ចេញពីប្រទេសអ៊ីរ៉ាក់ ជាមួយពេលវេលាដែលបានកំណត់ នៅក្នុងកិច្ចពិភាក្សាបច្ចេកទេសខាងមុខ”។

សេចក្តីថ្លែងការណ៍ដដែលនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ការផ្លាស់ប្តូរកងកម្លាំងអាមេរិកនិងកងកម្លាំងអន្តរជាតិផ្សេងទៀត ចេញពីប្រតិបត្តិការប្រយុទ្ធឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យនៃភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធនឹងវត្តមានក្រុមភេរវកម្ម រដ្ឋឥស្លាមជ្រុលនិយម នៅក្នុងទឹកដីអ៊ីរ៉ាក់៕
ប្រែសម្រួល៖ប៉ាង កុង
