ព័ត៌មានអន្តរជាតិ

ចិន បង្ហាញសាច់ដុំយោធា នៅជុំវិញកោះតៃវ៉ាន់

បរទេស៖ យោធារបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បានធ្វើសមយុទ្ធដែនអាកាសនិងលើសមុទ្រ នៅជិតកោះតៃវ៉ាន់ ស្របពេលដែលទីក្រុងប៉េកាំង បន្តជំទាស់ប្រឆាំងនឹងចំណងមិត្តភាព កាន់តែជិតស្និទ្ធខ្លាំងឡើង រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតៃប៉ិ ។

ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍នៅពេលថ្មីៗនេះថា កងកម្លាំងយោធារបស់ប្រទេសចិន បានបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាអមដំណើររបស់វា ទៅក្នុងដែនទឹកស្ថិតនៅជិតកោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធហ្វឹកហាត់ តាមបែបប្រក្រតីមួយ។

សេចក្តីថ្លែងការណ៍ របស់ប្រទេសចិនបាននិយាយថា សមយុទ្ធនោះ គឺត្រូវបានរៀបចំឡើង តាមផែនការការងារប្រចាំឆ្នាំ ដើម្បីតេស្តប្រសិទ្ធភាព នៃការហ្វឹកហាត់របស់កងទ័ព និងពង្រឹងសមត្ថភាពពួកគេ ក្នុងកិច្ចការពារអធិបតេយ្យភាពជាតិ សន្តិសុខនិងផលប្រយោជន៍ នៃការអភិវឌ្ឍនានា។

សមយុទ្ធនោះ តាមសេចក្តីរាយការណ៍ គឺបានធ្វើឡើងនៅថ្ងៃចន្ទ ហើយកាលពីមួយសប្ដាហ៍មុន ក្រសួងការពារជាតិជប៉ុន បានបង្ហាញរូបថតនាវាផ្ទុកយន្តហោះ Liaoning ដែលធ្វើដំណើរកាត់តាមច្រកសមុទ្រ Miyako នៅជិតកោះអូគីណាវ៉ា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top