ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភាអាមេរិក បង្ហាញច្បាប់ប្រឆាំង នឹងការកើនឡើង នៃឥទ្ធិពលរបស់ចិន លើគ្រប់វិស័យ

វ៉ាស៊ីនតោន ៖ គណៈកម្មាធិការទំនាក់ ទំនងបរទេសព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្ហាញនូវច្បាប់ទ្វេភាគី ដ៏ធំមួយ ដើម្បីប្រឆាំងនឹងការកើន ឡើងរបស់ចិន តាមរយៈការ សម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយជប៉ុន និងសម្ព័ន្ធមិត្តដទៃទៀត ការលើកកម្ពស់សិទ្ធិមនុស្ស ក៏ដូចជាការវិនិយោគយោធា ដើម្បីបង្កើនសន្តិសុខ ។

ប្រធានគណៈកម្មាធិការនេះ លោក Robert Menendez បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មានចំណងជើងថា “ ច្បាប់ប្រកួតប្រជែងយុទ្ធសាស្ត្រ ឆ្នាំ២០២១” ត្រូវបានរៀបចំឡើង ដើម្បីធានាថាសហរដ្ឋអាមេរិក មានជំហរប្រកួតប្រជែង ជាមួយប្រទេសចិន លើគ្រប់វិស័យទាំងអស់ នៃអំណាចជាតិ និងអន្តរជាតិ សម្រាប់ទសវត្សខាងមុខ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា គណៈកម្មាធិការនឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃពុធ ដើម្បីទទួលយក និងបោះឆ្នោតលើវិធានការនេះ ។

ផែនការនេះឆ្លុះបញ្ចាំង ពីការឯកភាពទ្វេភាគី នៅក្នុងសភាអំពីការប្រកាន់ជំហរតឹងរ៉ឹង ប្រឆាំងនឹងចិន ដែលសេចក្តីព្រាង ច្បាប់បានព្រមានថា កំពុងអនុវត្តផែនការមួយ “ដើម្បីបង្កើតអនុត្តរភាពតំបន់ក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងធ្វើឱ្យសហរដ្ឋអាមេរិក ភៀសខ្លួន ចេញពីតំបន់” ។

សេចក្តីព្រាងបានឲ្យ ដឹងថា “សហរដ្ឋអាមេរិកត្រូវតែសម្រប សម្រួលយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព ជាមួយ PRC រួមមានការលើកទឹកចិត្ត ដល់សម្ព័ន្ធមិត្ត និងដៃគូឱ្យសម្តែងនូវតួនាទី កាន់តែធំក្នុងការថ្លឹងថ្លែង និងពិនិត្យមើលឥរិយាបថឈ្លានពាន និងការអះអាងទាមទាររបស់ចិន ។

សេចក្ដីព្រាងក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលត្រូវតែផ្តល់អាទិភាព ដល់ការវិនិយោគផ្នែកយោធា ដែលចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណង នយោបាយរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក រួមទាំងការ លើកកម្ពស់សន្តិសុខ ក្នុងតំបន់ធានាសម្ព័ន្ធមិត្ត និងការទប់ស្កាត់ជម្លោះ ជាមួយប្រទេសចិន ។

ប្រទេសជប៉ុនត្រូវបានគេលើកឡើង នៅក្នុងសេចក្តីព្រាងច្បាប់នេះថា ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តអាមេរិក សំខាន់ៗ នៅក្នុងតំបន់រួមជា មួយការធានាថា ប្រជុំកោះសេនកាគូ ដែលបានគ្រប់គ្រងដោយចិន នៅសមុទ្រចិនខាងកើត ស្ថិតក្នុងដែនកំណត់ នៃសន្ធិសញ្ញាសន្តិសុខជប៉ុន – អាមេរិក ។ ទីក្រុងវ៉ាស៊ីនតោន នឹងជំនួយទីក្រុងតូក្យូ ក្នុងករណីមានការវាយប្រហារ ដោយអាវុធប្រឆាំងនឹងប្រជុំកោះ ដែលគ្មានមនុស្ស រស់នៅខាងលើនេះ។

សេចក្តីព្រាងច្បាប់នេះក៏បានអំពាវនាវ ឲ្យ សហរដ្ឋអាមេរិក សហការជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន ថៃ និងអូស្រ្តាលី ដើម្បីលើកកម្ពស់សិទ្ធិមនុស្សទ្វេភាគី និងតាមរយៈកិច្ចព្រមព្រៀង និងកិច្ចព្រមព្រៀងក្នុងតំបន់ និង ពហុភាគី ៕
ដោយ ឈូក បូរ៉ា

To Top