ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ ដោយសារព្យុះត្រូពិច ស៊ីក្លូន Seroja នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់១៦៥នាក់ ជាមួយគ្នានេះដែរ មានអ្នកបន្តបាត់ខ្លួនចំនួន៤៥នាក់ ។
លោក Doni Monardo ប្រធានទីភ្នាក់ងារបានឲ្យដឹងថា “០២នាក់ស្លាប់នៅក្នុងស្រុក Bima ក្នុងខេត្ត West Nusa Tenggara និង១៦៣នាក់ផ្សេងទៀតនៅខេត្ត East Nusa Tenggara” ។

លើសពីនេះ ពលរដ្ឋចំនួន៤៥នាក់ កំពុងបាត់ខ្លួន និង២០.៩២៩នាក់ ត្រូវបានជម្លៀសខ្លួនចេញ ។
ប៉ូលិសឥណ្ឌូនេស៊ី និងយោធា បានដាក់ពង្រាយមន្ត្រីជំនាញ ចំនួន៧.៥៧២នាក់ ដើម្បីរុករកអ្នកដែលកំពុងបាត់ខ្លួន ។
ទន្ទឹមនឹងនេះដែរ អគារសាធារណៈ ចំនួន១១៥កន្លែង បានរងការខូចខាត ស្ពានមួយកន្លែងបានខូចខាត និងប្រព័ន្ធធារាសាស្ត្រកកសិកម្ម ដីស្រែ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
