ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងពិចារណាបញ្ជូន នាវាចម្បាំងទៅកាន់សមុទ្រខ្មៅ ដើម្បីព្រមានរុស្ស៊ី ជុំវិញបញ្ហាជាមួយអ៊ុយក្រែន

បរទេស៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ចូលរួមធ្វើសមយុទ្ធជាទៀងទាត់នៅសមុទ្រខ្មៅ ដែលម្តងម្កាលមានការចូលរួម ពីកងកម្លាំងមកពីអ៊ុយក្រែន និងប្រទេសហ្សកហ្ស៊ី ផងដែរ។ ប្រទេសរុស្ស៊ីបានរិះគន់ម្តង ហើយម្តងទៀតចំពោះសមយុទ្ធបែបនេះ ដោយនិយាយថា ពួកគេធ្វើឱ្យមានអស្ថិរភាព ស្ថានភាពនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងពិចារណា បញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្នុងការបង្ហាញការគាំទ្រ ដល់ប្រទេសអ៊ុយក្រែន និងជាការព្រមានដល់ប្រទេសរុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ CNN ដោយបានដកស្រង់ប្រភពក្រសួងការពារជាតិ ដែលមិនបញ្ចេញឈ្មោះ។

ប្រភពបានបន្ថែមទៀតថា កងទ័ពជើងទឹកអាមេរិក ធ្វើប្រតិបត្តិការជាប្រចាំនៅសមុទ្រខ្មៅ ប៉ុន្តែការដាក់ពង្រាយនាវាចម្បាំងដែលអាចធ្វើទៅបាន ឥឡូវនេះនឹងផ្ញើសារជាក់លាក់ទៅរុស្ស៊ីថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើលភាពតានតឹង ដែលកំពុងកើនឡើងនៅតាមព្រំដែន ភាគខាងកើតអ៊ុយក្រែន។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនទាន់ បានបញ្ជាក់ពីព័ត៌មាននេះនៅឡើយទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top