ព័ត៌មានអន្តរជាតិ

អាមេរិក សង្ឃឹមថាអ៊ីរ៉ង់ នឹងបង្ហាញ ឥរិយាបថស្ថាបនា ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានឲ្យដឹងថា កិច្ចចរចាទីក្រុងវីយែន ស្តីពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ គឺមានផ្លែផ្កាហើយសង្ឃឹមថា ទីក្រុងតេអេរ៉ង់ នឹងបង្ហាញឥរិយាបថស្ថាបនាបន្ថែមទៀត នៅក្នុងកិច្ចពិភាក្សា ដែលគ្រោងធ្វើ នៅសប្តាហ៍ក្រោយ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មានថា កិច្ចពិភាក្សាដោយប្រយោល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លើជំហាននីមួយៗ ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែររស់ឡើងវិញ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពរួម (JCPOA) គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះប៉ុន្តែមានលក្ខណៈដូចជា“ ផលិតភាព និងមុខជំនួញ” ។

មន្ត្រីដដែលបានបន្ដថា“ ទន្ទឹមនឹងនេះដែរសំណួរ នៅតែមានអំពីថាតើភាពធ្ងន់ធ្ងរ នៃគោលបំណងនិងចេតនា នៃការវិលត្រឡប់ទៅរកការ អនុលោមតាមច្បាប់ ដែលសហរដ្ឋអាមេរិក បានបង្ហាញនឹងត្រូវបានឆ្លើយតបដោយអ៊ីរ៉ង់ ឬយ៉ាងណា។ យើងបានឃើញសញ្ញាមួយ ចំនួន ប៉ុន្តែពិតជាមិនគ្រប់គ្រាន់នោះទេ”។

មន្ត្រីរូបនោះបានអះអាងជាថ្មីថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមដកទណ្ឌកម្មទាំងនោះដែលមិនស៊ីគ្នានឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

មន្ត្រីរូបនោះបានអះអាងថា “ដោយមិនបានចូលទៅក្នុងចំណុច ជាក់លាក់ខ្ញុំអាចនិយាយបានថា នោះជាជំហររបស់យើង រាល់ការដាក់ទណ្ឌកម្មទាំងអស់ ដែលមិនស៊ីគ្នានឹង JCPOA និងមិនស៊ីគ្នានឹងផលប្រយោជន៍ ដែលអ៊ីរ៉ង់រំពឹងពី JCPOA នោះយើងបានត្រៀម រួចជាស្រេចហើយ ហើយមិនមែនមានន័យថាទាំងអស់នោះទេពីព្រោះមានទណ្ឌកម្មខ្លះ ដែលស្របច្បាប់” ។

នៅថ្ងៃសុក្រម្សិលមិញនេះដែរ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានលើកឡើងថា រាល់ទណ្ឌកម្មដែលដាក់ដោយអតីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺ“ ប្រឆាំងនឹង JCPOA” ហើយត្រូវតែលុបចោល៕

ដោយ ឈូក បូរ៉ា

To Top